ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា គឺការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេសប្រែក្លាយតំបន់ព្រំដែន ជាតំបន់សន្តិភាព
យោងតាម អាជ្ញាធរមីនកម្ពុជា បាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការអាជ្ញាធរមីន។

តាងនាមឱ្យ រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្ត មិត្តភាពជិតស្និទ្ធ កិច្ចសហប្រតិបត្តិការល្អ និងដៃគូយូរអង្វែងរវាងប្រទេសនិងប្រជាជនទាំងពីរកម្ពុជា-បារាំង ព្រមទាំងថ្លែងអំណរគុណដល់សាធារណរដ្ឋបារាំងដែលបានចូលរួមដល់ដំណើរការស្វែងរកសន្តិភាព និងគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។
ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន ឯកឧត្តម លី ធុជ បានលើកឡើងថា បារាំង ធ្លាប់បានផ្តល់នូវការបណ្តុះបណ្តាលដល់នាយទាហានកម្ពុជាក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ក្នុងអំឡុងពេលសម័យ UNTAC។ ចាប់ពីឆ្នាំ២០០៩ បារាំង បានផ្តល់នូវជំនួយឧបត្ថម្ភដល់វគ្គហ្វឹកហ្វឺន និងបំពាក់សម្ភារៈដល់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា សម្រាប់បំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។
ជាមួយគ្នានោះផងដែរ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសបារាំង ដែលធ្លាប់បានចូលរួមគាំទ្រសកម្មភាពបោសសម្អាតមីនមនុស្សធម៌ កន្លងទៅនេះ តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី២ ជាពិសេសគាំទ្រដល់ការបោសសម្អាតមីននៅតាមទីតាំងបុរាណវត្ថុក្នុងខេត្តសៀមរាបដើម្បីគាំទ្រដល់អាជ្ញាធរជាតិអប្សរា។ ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ចង់ឃើញប្រទេសបារាំងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាឡើងវិញ ដើម្បីគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏ថ្លែងអំណរគុណដល់ប្រទេសបារាំង ដែលបានគាំទ្រដល់ភាពជាប្រធាន និងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋភាគីលើកទី១១ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ឆ្នាំ២០១១ និងអរគុណដែលបារាំងឈរជាមួយកម្ពុជាក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤។
ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តម លី ធុជ បានគូសបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងគោរពលើច្បាប់អន្តរជាតិដែលមានជាធរមាន ជាពិសេសចង់ប្រែក្លាយតំបន់ព្រំដែន ជាតំបន់សន្តិភាព។
ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានកោតសរសើរចំពោះសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន អស់រយៈពេលជាង ៣ទសវត្សរ៍ ។ ជាការឆ្លើយតបនឹងសំណើសម្រាប់ការចូលរួមដល់សកម្មភាពមីនមនុស្សធម៌ឡើងវិញ ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នឹងរាយការណ៍ទៅកាន់រដ្ឋាភិបាលបារាំង ដើម្បីពិចារណា។
ជាមួយគ្នានោះ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ឯកឧត្តម Olivier RICHARD គាំទ្រឱ្យមានសន្តិភាពរវាងប្រទេសកម្ពុជា-ថៃ និងបន្តដោះស្រាយជម្លោះដោយសន្តិវិធី៕





ប្រភព៖ អាជ្ញាធរមីនកម្ពុជា