ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនជនសង្ស័យ២នាក់ យករូបថតថ្នាក់ដឹកនាំជាន់ខ្ពស់ និងរូបថតលោកអ្នកឧកញ៉ាជាច្រើនរូបមកធ្វើជាប្រហ្វាល់ ដើម្បីឆបោកជនរងគ្រោះ ដោយអូសទាញអោយដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ

    BY soknita October 14, 2025
    ឃាត់ខ្លួនជនសង្ស័យ២នាក់ យករូបថតថ្នាក់ដឹកនាំជាន់ខ្ពស់ និងរូបថតលោកអ្នកឧកញ៉ាជាច្រើនរូបមកធ្វើជាប្រហ្វាល់ ដើម្បីឆបោកជនរងគ្រោះ ដោយអូសទាញអោយដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៅរសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ លើករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព អូសទាញជនរងគ្រោះ ដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ ដោយទទួលប្រាក់ចំនេញច្រើនក្នុងរយៈពេលខ្លី។

    ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៥ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ទី១ ឈ្មោះ ស.ស.ន ភេទស្រី និងទី២ ឈ្មោះ ស.ធ.ន ភេទស្រី។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ជនសង្ស័យទាំង២នាក់នេះ បានពាក់ពន្ធ័និងការទិញ-លក់ គណនីតេឡេក្រាម អោយទៅជនល្មើសនិងបានយករូបថតថ្នាក់ដឹកនាំជាន់ខ្ពស់ និង រូបថតលោកអ្នកឧកញ៉ាជាច្រើនរូបមកធ្វើជាប្រហ្វាល់ ដើម្បីធ្វើការឆបោកជនរងគ្រោះ ដោយអូសទាញជនរងគ្រោះអោយដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ។

    បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

    នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជនទាំងអស់ សូមប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ និងសូមពិនិត្យពិចារណាអោយបានច្បាស់លាស់ពីប្រភពនៃការផ្សព្វផ្សាយអំពីការវិនិយោគតាមអនឡាញ ជៀសវាងការខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិដោយប្រការណាមួយ៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    Share This Post: