រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍បុណ្យភូមិវត្តបូព៌ នៅផ្លូវ BAMBOO ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ ២០២៥
(ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ជាក់ឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍បុណ្យភូមិវត្តបូព៌ នៅផ្លូវBAMBOO ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ ២០២៥។

តាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តសៀមរាប បញ្ជាក់បន្ថែមថា ដោយមានការសហការជាមួយ មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងវិស័យឯកជននានា នឹងរៀបចំព្រឹត្តិការណ៍បុណ្យ ភូមិវត្តបូព៌ នៅផ្លូវ BAMBOO ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៥ ក៏ដូចជាជំរុញឱ្យ តំបន់សហគមន៍ភូមិវត្តបូព៌ សហគមន៍ភូមិវត្តដំណាក់ ក្លាយជាគោលដៅទេសចរណ៍ថ្មី និងបន្សំជាមួយទីក្រុង ឆ្លាតវៃ Smart City បន្ទាប់ពីតំបន់ដែលមានសក្តានុពលស្រាប់ដូចជា តំបន់ប្រាសាទ តំបន់ឧទ្យានជាតិព្រះ ជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន តំបន់បឹងទន្លេសាប និងតំបន់ផាប់ស្រ្កឹត ក្នុងការបង្កើនភាពទាក់ទាញភ្ញៀវទេសចរ ជាតិ អន្តរជាតិ មកទស្សនា ក៏ដូចជាមកស្នាក់នៅ និងស្វែងយល់អំពីផលិតផលទេសចរណ៍ថ្មីដ៏សម្បូរបែប ដែលមានក្នុងសហគមន៍ភូមិវត្តបូព៌ សហគមន៍ភូមិវត្តដំណាក់ ស្ថិតនៅភូមិវត្តបូព៌ និងភូមិវត្តដំណាក់ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍បុណ្យភូមិវត្តបូព៌នៅផ្លូវ BAMBOO នាថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ ស្ថិតនៅក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្ត សៀមរាប និងរៀបចំការតាំងពិព័រណ៍ម្ហូបអាហារ ការសម្តែងសិល្បៈកុមារ ចាប់ពីម៉ោង ១០៖០០នាទីព្រឹក ដល់ម៉ោង ២១៖០០នាទីយប់ ដោយមានសកម្មភាពជាច្រើនដូចជា ស្តង់ពិព័រណ៍ម្ហូបអាហារយ៉ាងសម្បូរបែប ការសម្តែងសិល្បៈពីក្រុមសិល្បករខ្មែរ និងបរទេស ការសម្តែងតន្ត្រីកុមារជាដើម ដោយមានការចូលរួម ទស្សនា កម្សាន្តដោយសេរីពីសាធារណជនផងដែរ។
ទន្ទឹមនឹងនេះ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និង ចៀសវាងការកកស្ទះចរាចរ ក្នុងអំឡុងការរៀបចំព្រឹត្តិការណ៍បុណ្យភូមិវត្តបូព៌នៅផ្លូវBAMBOO រដ្ឋបាលខេត្ត សៀមរាបនឹងផ្អាកចរាចរជាបណ្ដោះអាសន្នលើកំណាត់ផ្លូវBAMBOO ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៥៖០០ នាទីរសៀល ចាប់ពីចំណុចផ្លូវផ្សារដីហ៊ុយ ដល់ចំណុចផ្លូវ១០មករា ក្នុងភូមិវត្តដំណាក់ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប៕




ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប