កម្ពុជា នឹងពន្លឿនការរៀបចំសារអនាម័យជានីតិវិធីចាំបាច់ ដើម្បីសម្រួលឱ្យកសិផលខ្មែរមួយចំនួនបន្ថែម អាចចូលទៅដល់ទីផ្សារប្រទេសចិន
(រាជធានីភ្នំពេញ)៖ តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រទេសកម្ពុជា នឹងពន្លឿនការរៀបចំសារអនាម័យជានីតិវិធីចាំបាច់ ដើម្បីសម្រួលឱ្យកសិផលខ្មែរមួយចំនួនបន្ថែម អាចចូលទៅដល់ទីផ្សារប្រទេសចិន។

ក្នុងសេចក្តីប្រកាសព័ត៌មានពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថា លទ្ធផលនៃការចូលរួមសន្និសីទលើកទី២ស្តីពី ‘‘យន្តការសុវត្ថិភាពចំណីអាហារនាំចេញ និងនាំចូលសម្រាប់ប្រទេសជាសមាជិកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ”។ ក្នុងឱកាសសន្និសីទលើកទី២ស្តីពី «យន្តការសុវត្ថិភាពចំណីអាហារនាំចេញ និងនាំចូលសម្រាប់ប្រទេសជា សមាជិកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ» កាលពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុង សៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលការ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាលើឯកសារក្រមប្រតិបត្តិស្តីពី «យន្តការសហ
ប្រតិបត្តិការសម្រាប់ការនាំចេញ និងនាំចូលចំណីអាហារដែល មានសុវត្ថិភាពសម្រាប់ប្រទេសជាសមាជិកនៃក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ»។ យន្តការនេះមានការចូលរួមពី រដ្ឋមន្ត្រីទទួលបន្ទុកសុវត្ថិភាពចំណីអាហារនៃបណ្តាប្រទេសជាសមាជិកក្រោមការសម្របសម្រួលរបស់អគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន (GACC) ហើយមានគោលដៅជំរុញការបើកទីផ្សារកសិផលដែលមានសុវត្ថិភាពទៅ បណ្តាប្រទេសទាំងនោះឱ្យកាន់តែទូលំទូលាយ ស្របតាមស្តង់ដាអន្តរជាតិ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជួបសម្តែងការគួរសមជាមួយ លោកជំទាវ SUN Meijun រដ្ឋមន្ត្រី អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) និងជួបប្រជុំទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តម ZHAO Zenglian អនុរដ្ឋមន្ត្រី GACC ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអនាម័យ និងភូតគាម អនាម័យ(SPS) រវាងប្រទេសទាំងពីរ សំដៅពន្លឿនការបើកទីផ្សារចិនដល់ផលិតផលកសិផលកម្ពុជាបន្ថែមទៀត ក៏ដូចជា ការសម្រួលនីតិវិធីនាំចេញទៅប្រទេសចិនស្របតាមការទន្ទឹងរង់ចាំរបស់កសិករ និងវិស័យឯកជនកម្ពុជា។
ជាលទ្ធផលនៃកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាដូចខាងក្រោម៖
១. ពន្លឿនការរៀបចំពិធីសារអនាម័យនិងភូតគាមអនាម័យ ក៏ដូចជានីតិវិធីចាំបាច់ដើម្បីសម្រួលឱ្យកសិផលខ្មែរ មួយចំនួនបន្ថែមទៀត ដែលរួមមានអង្ករសំរូប ផ្លែម្នាស់ ផ្លែខ្នុរ ផ្លែទុរេនបង្កក ផ្លែមៀនសម្អាត សាច់ចម្អិន សំបុក ត្រចៀកកាំ និងចំណីសត្វចិញ្ចឹម អាចចូលទៅដល់ទីផ្សារប្រទេសចិន។
២. រៀបចំក្របខ័ណ្ឌក្រុមការងាររួម ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងស្ថាប័ននៃប្រទេសទាំងពីរ សំដៅ ដោះស្រាយបញ្ហារាំងស្ទះកើតឡើងជាយថាហេតុ ឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។
៣. ជំរុញនីតិវិធីចុះបញ្ជីជាមួយ GACC ដើម្បីផ្តល់ភាពងាយស្រួលឱ្យកសិផលពីកសិដ្ឋានខ្នាតតូច អាចមានលទ្ធភាព ចូលទៅកាន់ទីផ្សារប្រទេសចិន ក្នុងលក្ខខណ្ឌដែលកសិដ្ឋានទាំងនោះមានការអនុវត្តកសិកម្មល្អ(GAP)។
លទ្ធផលទាំងនេះ គឺជាជំហ៊ានដ៏សំខាន់មួយទៀតក្នុងការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម និងបើកឱកាសទីផ្សារនាំចេញកសិផលរបស់កសិករកម្ពុជាឱ្យកាន់តែរលូននិងមានប្រសិទ្ធភាព។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវឱ្យកសិករនិងវិស័យឯកជនពាក់ព័ន្ធបន្តការអនុវត្តកសិកម្មល្អ(GAP) ក៏ដូចជាការអនុវត្តផលិតកម្មល្អ (GMP) លើការកែច្នៃ វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូន សំដៅរក្សាគុណភាព និងសុវត្ថិភាពចំណីអាហារ ព្រមទាំងអនុវត្តតាម នីតិវិធីនៃប្រទេសនាំចូល ដើម្បីបង្កើនសក្តានុពលទីផ្សារកសិ-ចំណីអាហារកម្ពុជា។
ក្រសួងសូមយកឱកាសនេះថ្លែងអំណរគុណដល់អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការ យកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការល្អក្នុងការជំរុញអនុវត្តនីតិវិធីពាក់ព័ន្ធ ដើម្បីបង្កើនឱកាសនាំចេញសម្រាប់កសិផល របស់កម្ពុជាក្នុងពេលកន្លងមកនេះ។
ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីការរៀបចំដំណើរការនាំចេញ កសិករក៏ដូចជាវិស័យឯកជនពាក់ព័ន្ធអាច ទំនាក់ទំនងតាមរយៈទូរសព្ទលេខ ១២៨៩។ ចំពោះអ្នកសារព័ត៌មានដែលមានតម្រូវការព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅ អ្នកនាំពាក្យរបស់ក្រសួងតាមរយៈទូរសព្ទលេខ ០១៧ ៤០៨ ៨៨៨៕

