សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា និងសម្ភារ ជួយសម្រាលការព្យាបាលប្រពន្ធ និងកូនរបស់វីរយុទ្ធជនជួរមុខទិសប្រាសាទតាក្របី ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា និងសម្ភារ ជួយសម្រាលការព្យាបាលប្រពន្ធ និងកូនរបស់វីរយុទ្ធជនជួរមុខទិសប្រាសាទតាក្របី ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងសហការី អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌រួមមាន ថវិកា និងសម្ភារមួយចំនួន ជួយសម្រាលក្នុងការព្យាបាលប្រពន្ធ និងកូនរបស់វីរយុទ្ធជនមួយរូបឈរជើងនៅជួរមុខដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរជាពន់ពេកចំពោះក្មួយវីរយុទ្ធជនដែលខ្លួនកំពុងព្យាបាលជំងឺខ្លួនឯងផង ថែមទាំងពេលនេះកូន និងប្រពន្ធកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យទៀត។ ជាមួយគ្នានេះលោកជំទាវ មានប្រសាសន៍លើកចិត្តឱ្យក្មួយដែលជាវីរយុទ្ធជនដែលខ្លួនកំពុងព្យាបាលជំងឺខ្លួនឯងផងនេះ សូមកុំបាក់ទឹកចិត្តខិតខំសម្រាកព្យាបាលខ្លួនឯង និងមើលថែទាំប្រពន្ធកូនផង និងសូមឱ្យប្រពន្ធកូន ព្រមទាំងក្មួយបានឆាប់ជាសះស្បើយពីជំងឺ។
សូមជម្រាបជូនថា វីរយុទ្ធជនរូបនេះកំពុងសម្រាកព្យាបាលខ្លួនពីជំងឺខណៈពេលកំពុងឈរជើងនៅជួរមុខប្រាសាទតាក្របី។ ហើយដោយឡែកប្រពន្ធទើបវះកាត់ និងសម្រាលកូនអាយុបាន១ថ្ងៃ ដែលមានជំងឺដក់ទឹកក្នុងថង់សួត និងកង្វះអុកស៊ីសែនខួរក្បាលកម្រិតធ្ងន់ធ្ងរ ហើយពេលនេះទារកកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ។ ចំណែកប្រពន្ធមានមុខរបរជាកម្មការិនីរោងចក្រដែលទើបវះកាត់រួចកំពុងសម្រាកព្យាបាលនៅពេទ្យព្រះកេតុមាលា៕


ប្រភព៖ ក្រសួងព័ត៌មាន