សមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យ ១៧នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា សមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យ ១៧នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ បានចុះត្រួតពិនិត្យរដ្ឋបាល នៅទីតាំងអគារ LH RESIDENCE អគារលេខ១៣ ផ្លូវលេខ៩ សង្កាត់ទន្លបាសាក់ ខណ្ឌចំការមន។
ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន១៤នាក់ (ស្ត្រី ៣នាក់) និងបុរសជនជាតិឥណ្ឌូនេស៊ី៣នាក់ ហើយបានដកហូតកុំព្យូទ័រ (ALL in One) ចំនួន ១០៩គ្រឿង ម៉ូនីទ័រ ០១គ្រឿង និងទូរស័ព្ទ ១០៣គ្រឿង។
តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញរកឃើញថា អគារនេះ គឺជាទីតាំងឆបោកក្រោមរូបភាពបែបវិនិយោគ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam និងឆបោកស្នេហា ទៅកាន់ប្រទេសផ្សេងៗ។ ជនសង្ស័យ និងវត្ថុតាង បច្ចុប្បន្នត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការនគរបាល ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕







ប្រភព៖ ក្រសួងព័ត៌មាន