អភិបាលខេត្តកែប ៖ ឆ្នេរតេជោសន្តិភាពកែប កំពុងពន្លឿនការស្ថាបនាលេចចេញជារូបរាងបណ្តើរៗ តាមគម្រោងប្លង់
(ខេត្តកែប)៖ កាលពីល្ងាចថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ ក្រសួងមហាផ្ទៃ តាមការចុះផ្សាយពី ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឆ្នេរតេជោសន្តិភាពកែប កំពុងពន្លឿនការស្ថាបនាលេចចេញជារូបរាងបណ្តើរៗ តាមគម្រោងប្លង់។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅរសៀលថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ឆ្នេរតេជោសន្តិភាពកែប ដែលមានប្រវែង ២.៧០០ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានកំពុងពន្លឿនការស្ថាបនាលេចចេញរូបរាងបណ្តើរៗ តាមគម្រោងប្លង់ទំនើប និងរួចរាល់ដាក់ជូនសាធារណៈកម្សាន្តសប្បាយនាពេលខាងមុខឆាប់ៗ។
ឯកឧត្តម អភិបាលខេត្ត បានប្រសាសន៍បែបនេះ ក្នុងសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប ដោយមានអញ្ជើញចូលរួមជាគណៈអធិបតី ឯកឧត្តម សូ សិង្ហា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តំណាង ឯកឧត្តម សាយ សំ អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមផងដែរថា ខេត្តកែបគឺជាខេត្តមួយ ដែលបានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបញ្ចប់ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមុនគេបង្អស់ក្នុងចំណោមរាជធានី ខេត្ត ទាំង២៥ ទូទាំងព្រះរាជាណាចក្រកម្ពុជា។
ជាមួយនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញសូរិយោដីពាក់ព័ន្ធទាំង នៅពេលដែលបងប្អូនប្រជាពលរដ្ឋមកទទួលបណ្ណ ត្រូវចូលរួមអប់រំណែនាំឱ្យចេះរៀបចំទុកដាក់ គ្រប់គ្រងថែរក្សាឱ្យបានល្អ និងចៀសវាងយកទៅអ៊ុត ព្រោះនាំឱ្យខូចបណ្ណ និងបន្តផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីទាំងអស់ដែលពុំទាន់ទទួលបានបណ្ណកម្មសិទ្ធិ សូមអញ្ជើញទៅទំនាក់ទំនងជាមួយមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប រៀងរាល់ម៉ោងធ្វើការ ដើម្បីទទួលបានបណ្ណកម្មសិទ្ធិ។ ជាមួយគ្នានេះដែរ មន្រ្តីពាក់ព័ន្ធក្នុងការផ្តល់សេវាត្រូវបង្កលក្ខណៈល្អ និងបំរើសេវាជូនប្រជាពលរដ្ឋប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់៕


ប្រភព៖ ក្រសួងមហាផ្ទៃ