ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ណែនាំដល់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កុំទាន់បង់ប្រាក់សម្រាប់សេវាកម្មដោះស្រាយបញ្ហាហ្វេសប៊ុក (Disable)

    BY SOMATEY October 18, 2025
    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ណែនាំដល់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កុំទាន់បង់ប្រាក់សម្រាប់សេវាកម្មដោះស្រាយបញ្ហាហ្វេសប៊ុក (Disable)

    ​យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថាថ្មីៗនេះ មានការផ្សព្វផ្សាយពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនដែលគណនីរបស់ពួកគេត្រូវបានបិទ (Disable) ដោយមិនមានមូលហេតុច្បាស់លាស់។ ទន្ទឹមនឹងនេះ នាយកដ្ឋានក៏បានសង្កេតឃើញថា មានបុគ្គលមួយចំនួនបានប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយ សេវាកម្មដោះស្រាយបញ្ហាគណនីហ្វេសប៊ុកដែលត្រូវបានបិទ (Facebook Disabled) ដោយគិតថ្លៃសេវាកម្មចន្លោះពី ៥០០ដុល្លារ ដល់ ១,២០០ដុល្លារ។

    តាមរយៈបណ្តាញទំនាក់ទំការងារផ្លូវការ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹក និងជូនដំណឹងដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលគណនីត្រូវបានបិទ (Disable) ដូចតទៅ៖

    ១. កុំទាន់បង់ប្រាក់សម្រាប់សេវាកម្មដោះស្រាយបញ្ហាដោយបុគ្គលឯកជន ដោយសារ អាចចំណាយថវិកាដោយមិនទទួលបានលទ្ធផល។

    ២. សូមប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់សេវាកម្មដែលមិនមានប្រភពច្បាស់លាស់ ឬមិនមានការទទួលស្គាល់ផ្លូវការពីក្រុមហ៊ុន Meta ឬស្ថាប័នដែលមានសមត្ថកិច្ច។

    ៣. បញ្ហាគណនីហ្វេសប៊ុកដែលត្រូវបានបិទ (Facebook Disabled)ជាករណីដែលអាចបណ្តាលមកពីក្រុមហ៊ុន Meta ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ។ ដូច្នេះ សូមអ្នកប្រើប្រាស់រង់ចាំដំណោះស្រាយផ្លូវការពីក្រុមហ៊ុន Meta។

    សូមបញ្ជាក់ផងដែរថា ករណីនេះមិនទាន់មានអំណះអំណាងណាមួយពិតប្រាកដថាមូលហេតុការបិទគណនីហ្វេសប៊ុក មកពីអ្វីនោះទេ។ ដូច្នេះ សូមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការប្រុងប្រយ័ត្ន និងទាក់ទងទៅក្រុមហ៊ុន Meta ដោយផ្ទាល់សម្រាប់ការដោះស្រាយបញ្ហា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: