ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី៖ កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ

    BY Nisaiy KN October 19, 2025
    សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី៖ កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងតាមបណ្តាញសង្គមការងារផ្លូវការ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះថា «ខ្ញុំបានឃើញនូវការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ ២៨ កក្កដា ២០២៥ កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ គឺជាថ្នូរនឹងការធ្វើឱ្យកម្ពុជាបាត់ដី។

    ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយសង្ខេបថា÷

    កិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) គឺនិយាយអំពីលក្ខណ្ឌនិងក្រមប្រតិបត្តិនានាដើម្បីបញ្ជៀសកុំឱ្យមានការបាញ់គ្នាឡើងវិញ។

    កិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងធ្វើនៅពេលខាងមុខ) គឺនិយាយអំពីការរៀបចំលក្ខណនិងក្រមប្រតិបត្តិនានាសម្រាប់បង្កើតនិងធានានូវបរិយាកាសអំណោយផល ដើម្បីឈានទៅការបញ្ចប់ជម្លោះនិងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសប្រទេសនិងប្រទេស។

    ទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះមិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដីឬព្រំដែន ក៏មិនមែនបានន័យថាភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេ។

    ការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជានិងថៃ។

    សរុបដោយខ្លី ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថា:

    ១. កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (ថ្ងៃ ២៨ កក្កដា ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខ), ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ។

    ២. រាជរដ្ឋាភិបាលកម្ពុជា ក៏មិនដែលបានភ្លេច ឬបោះបង់កាតព្វកិច្ចនិងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដែរ»៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: