ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី នាយករដ្ឋមន្រ្តី ចេញបទបញ្ជាហាមឃាត់ការនាំចូល ការលក់ ការប្រើប្រាស់ ការស្តុកទុក និងការផ្សាយពាណិជ្ជកម្មឧបករណ៍អេឡិចត្រូនិកសម្រាប់ជ-ក់ និងស៊ីស្សា

    BY soknita October 23, 2025
    សម្ដេចធិបតី នាយករដ្ឋមន្រ្តី ចេញបទបញ្ជាហាមឃាត់ការនាំចូល ការលក់ ការប្រើប្រាស់ ការស្តុកទុក និងការផ្សាយពាណិជ្ជកម្មឧបករណ៍អេឡិចត្រូនិកសម្រាប់ជ-ក់ និងស៊ីស្សា

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ នេះ តាមការចុះផ្សាយក្នុងផេកផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយ សម្ដេចធិបតី នាយករដ្ឋមន្រ្តី ចេញបទបញ្ជាហាមឃាត់ការនាំចូល ការលក់ ការប្រើប្រាស់ ការស្តុកទុក និងការផ្សាយពាណិជ្ជកម្មឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ និងស៊ីស្សា។

    ក្នុងបទបញ្ជានេះដែរ ដោយអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្នុងការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់និងសុខភាពល្អ ដែលជាទ្រព្យសកម្មជាតិដ៏រឹងមាំសម្រាប់ បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនរយៈពេលវែង និង ជវភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ក្នុងរយៈពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសង្កេតឃើញថា មានការ រីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារនិង យុវជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាព សាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។ ទន្ទឹមនេះ ការប្រើប្រាស់ផលិតផលទាំងនេះ អាចជាច្រកផ្លូវទៅកាន់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀត ព្រោះប្រភេទឧបករណ៍អេឡិចត្រូនិក ដូចជាបារីអេឡិចត្រូនិក ផលិតផល អេចណ៍ ធី ភី អាចប្រើសម្រាប់ជក់គ្រឿងញៀនផ្សេងទៀតបាន ព្រមទាំង ជាច្រកផ្លូវដែលនាំឱ្យកុមារនិងយុវជនឈានទៅជក់បារីធម្មតាផងដែរ នៅពេលដែលពួកគេមានភាពញៀន នឹងសារធាតុនីកូទីន ដែលជាកត្តានាំដល់កំណើននៃជំងឺមិនឆ្លងនៅក្នុងសង្គម។

    ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ រាជរដ្ឋាភិបាលដាក់ចេញបទបញ្ជា ដូចខាងក្រោម៖

    ១- ហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទ គ្រប់ទម្រង់ និងគ្រប់មធ្យោបាយ។

    ២- ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវមានវិធានការទប់ស្កាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការលក់ និង ការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។

    ៣- ក្រសួងសុខាភិបាល ត្រូវចេញសេចក្តីណែនាំ ដើម្បីអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់សុខភាពនិង គ្រោះថ្នាក់នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។

    ៤- ក្រសួងអប់រំ យុវជន និងកីឡា ត្រូវចេញសេចក្តីណែនាំ ដើម្បីអប់រំ បង្ការ ទប់ស្កាត់ និងហាមឃាត់ ដាច់ខាតការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា នៅក្នុងនិងជុំវិញបរិវេណ គ្រឹះស្ថានសិក្សាសាធារណៈ គ្រឹះស្ថានសិក្សាឯកជន គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា កន្លែងហ្វឹកហាត់កីឡា និងកន្លែងប្រកួតកីឡា។

    ៥- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា នៅតាមមូលដ្ឋានស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

    ៦- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំ ហាមឃាត់ចំពោះ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ឬមានការពាក់ព័ន្ធនឹង ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សានេះ។

    ៧- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការចំពោះបុគ្គលណាដែលប្រើប្រាស់ និង/ឬកាន់កាប់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទ និងត្រូវព្រមាន ដោយផ្ទាល់មាត់ ព្រមទាំងដកហូតឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ ករណីមិន រាងចាល ត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងធ្វើកិច្ចសន្យាឈប់ប្រើប្រាស់។

    ៨- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការស្របតាមច្បាប់និងលិខិតបទដ្ឋាន គតិយុត្តជាធរមានចំពោះបុគ្គលណាដែលបានចែកចាយ លក់ ស្តុកទុក ផ្សព្វផ្សាយពាណិជ្ជកម្មឬផ្សព្វផ្សាយ លក់ផលិត និង/ឬនាំចូលឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា តាមមធ្យោបាយណា ក៏ដោយ ត្រូវព្រមានជាលាយលក្ខណ៍អក្សរ ដកហូត និងព្យួរវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្ម អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្មដែលចេញដោយក្រសួង ស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ ទោះជាប្រភេទ អាជីវកម្ម សេវាកម្មអ្វីក៏ដោយ។
    ៩- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការដាក់ទណ្ឌកម្មរដ្ឋបាលចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ឬមានការពាក់ព័ន្ធនឹង ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។

    គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឱ្យបានម៉ឺងម៉ាត់បំផុតនិងមានប្រសិទ្ធភាពខ្ពស់៕

    ប្រភព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia

    Share This Post: