អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅតំបន់ទន្លេអុំ
(ខេត្តកំពង់ចាម)៖ តាមការចុះផ្សាយពី ក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នេះ អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅតំបន់ទន្លេអុំ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេសអញ្ជើញចុះទីតាំងគម្រោងអភិវឌ្ឍន៍ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៅតំបន់ទន្លេអុំ ក្បែរវិមានឯករាជ្យក្នុងក្រុងកំពង់ចាម។
បើតាមការបញ្ជាក់របស់មន្ត្រីបច្ចេកទេស គឺគម្រោងខាងលើនឹងចាប់ដំណើរការនាដើមឆ្នាំ ២០២៦ ខាងមុខ ដោយរំពឹងថានឹងរួចរាល់ ១០០% នៅក្នុងឆ្នាំ ២០២៧។
ទាំងនេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីសមិទ្ធផលជាច្រើនបានរីកដុះដាលគ្រប់ទីកន្លែងក្នុងក្រុងកំពង់ចាម ក៏ដូចជាខេត្តកំពង់ចាមទាំងមូល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់ឯកឧត្តមអភិបាលខេត្ត ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគិតិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕







ប្រភព៖ ក្រសួងមហាផ្ទៃ