រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបើក “វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” ក្រោមមូលបទ “ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប”
(រាជធានីភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបើក “វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” ក្រោមមូលបទ “ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប ២០២៥” ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ ។

នាព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” ក្រោមមូលបទ “ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប ២០២៥” ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
វេទិកានាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ វិនិយោគិនជាតិនិងអន្តរជាតិ មកចែករំលែកចំណេះដឹងប្រកបដោយនវានុវត្តន៍ និងលើកកម្ពស់ការវិនិយោគលើការកែច្នៃដែលនឹងបង្កើតតម្លៃបន្ថែមនៅក្នុងវិស័យស្វាយចន្ទីនិងម្រេចកម្ពុជា ព្រមទាំងឱកាសក្នុងការស្វែងរកកាលានុវត្តភាពទីផ្សារបន្ថែមទៅកាន់សហភាពអឺរ៉ុបផងដែរ។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី ស្វាគមន៍វត្តមានចូលរួមរបស់ភាគីពាក់ព័ន្ធ និងបានថ្លែងអំណរគុណ ចំពោះតំណាងសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា សហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ការគាំទ្រតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ប្រចាំនៅកម្ពុជា (GIZ Cambodia) ព្រមទាំងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើងបានយ៉ាងល្អ និងប្រកបដោយការគិតគូរល្អិតល្អន់។
ក្នុងវេទិកានេះ លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាបាននិងកំពុងខិតខំលើកស្ទួយ និងប្រែក្លាយពីប្រទេសផលិត ទៅជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទី និងម្រេច ប្រកបដោយគុណភាពខ្ពស់ និងរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្ដោតសំខាន់ទៅលើការពង្រឹងសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារពិភពលោក។ តាមរយៈការសហការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ក្រសួងពាណិជ្ជកម្មកំពុងពង្រឹងបន្ថែមក្នុងការនាំចេញ ការធានាគុណភាព វិញ្ញាបនប័ត្រ និងប្រព័ន្ធតាមដានដំណើរការផលិតកម្ម ឱ្យស្របគ្នាទៅនឹងស្តង់ដារទីផ្សារអឺរ៉ុប។
ដោយមើលឃើញពីសក្តានុពលនិងកាលានុវត្តភាពនៃដំណាំស្វាយចន្ទី និងម្រេច លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម តាមរយៈកិច្ចសហការជិតស្និទ្ធពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានរួមគ្នារៀបចំគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ និងបច្ចុប្បន្នកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយ ម្រេចកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណារួមគ្នាជំរុញការអភិវឌ្ឍផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីនិងម្រេច ឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិតនិងផ្គត់ផ្គង់ចម្បងមួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី ជម្រាបជូនពីយន្តការចម្បងៗមួយចំនួន ជាពិសេស លើការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាអតិបរមា រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចដ៏ទូលំទូលាយក្នុងតំបន់ (RCEP) ការបន្តពង្រីកទីផ្សារថ្មីៗ និងបង្កើនភាពទុកចិត្តជាដៃគូពាណិជ្ជកម្ម។ ក្នុងនោះ ក្រសួងពាណិជ្ជកម្មនឹងបន្តខិតខំ ដើម្បីធ្វើយ៉ាងណាឱ្យផលិតផលកសិកម្មកម្ពុជា ជាពិសេស ផលិតផលគ្រាប់ស្វាយចន្ទី និងម្រេច ឱ្យក្លាយជាផលិតផលដែលទទួលបានការទុកចិត្ត និងមានតម្លៃខ្ពស់នៅទីផ្សារពិភពលោក។
មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ និងពង្រឹងសមត្ថភាពផលិត និងការនាំចេញផលិតផលកសិកម្មកម្ពុជា ការអភិវឌ្ឍផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីនិងម្រេច ឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិតនិងផ្គត់ផ្គង់ចម្បងមួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក៕



ប្រភព៖ ក្រសួងពាណិជ្ជកម្ម