នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆ-បោកប្រាក់ ក្រោមរូបភាពទិញ និងលក់ទូរស័ព្ទតាមប្រព័ន្ធអនឡាញ
(រាជធានីភ្នំពេញ)៖ តាមការចេញផ្សាយពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកប្រាក់ ក្រោមរូបភាពទិញ និងលក់ទូរស័ព្ទតាមប្រព័ន្ធអនឡាញ។

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ទូរស័ព្ទតាមអនឡាញ ដែលមានជនរងគ្រោះជាច្រើននាក់ដែលបានដាក់ពាក្យបណ្ដឹង។
ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ព.ដ.ន ភេទស្រី ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ ត្រូវបានជនអនាមិកអូសទាញឱ្យធ្វើសកម្មភាពទទួល និងផ្ទេរប្រាក់តាមគណនីធនាគារជាបន្ដបន្ទាប់ ហើយបានទទួលផលប្រយោជន៍ពីអំពើទុច្ចរិតនេះ។ ក្នុងនោះដែលគណនីហ្វេសប៊ុករបស់ជនអនាមិកនៅតែបន្ដបង្ហោះផ្សព្វផ្សាយទិញ និងលក់ទូរស័ព្ទ ដោយស្វែងរកអ្នកចូលរួមធ្វើសកម្មភាពទទួលប្រាក់ និងតបឆាត តាមរយៈលេខទូរស័ព្ទ ០៩៦ ៦៦០ ០៣២៥/០៩៦ ៧៨៣ ៩៧២៥ និងបានឱ្យ QR Codeរបស់គណនីធនាគារផ្សេងៗ តាមបណ្ដាញសង្គមនានា ក្នុងគោលបំណងជ្រើរើសបុគ្គលិកសម្រាប់ការងារ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជន សូមប្រុងប្រយ័ត្នខ្ពស់ ពីការផ្ដល់ឱកាសការងារតាមអនឡាញដែលមិនស្គាល់ប្រភពច្បាស់លាស់ អាចត្រូវបានជនអនាមិកបញ្ចុះបញ្ចូល អូសទាញ រហូតក្លាយជាអ្នកទទួលផលនៃបទល្មើសផ្សេងៗ និងត្រូវទទួលទោសតាមផ្លូវច្បាប់ជាធរមាន៕


