ធនាគារ ហ្វីលីព ត្រូវបានទទួលស្គាល់លើភាពច្នៃប្រឌិតផ្នែកឌីជីថល និងឧត្តមភាពរបស់សិង្ហបុរី
ភ្នំពេញ ប្រទេសកម្ពុជា: 22 តុលា 2025 — ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជមានភាគទុនិកសិង្ហបុរីតែមួយគត់ នៅក្នុងប្រទេសកម្ពុជា បានទទួលពានរង្វាន់ 2025 Best Digital Transformation Initiative ដោយ International Finance Awards ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់ធនាគារ ចំពោះភាពច្នៃប្រឌិត សុចរិតភាព និងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត។
ការទទួលស្គាល់នេះ បានបញ្ជាក់យ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់របស់ធនាគារ ហ្វីលីព ក្នុងការលើកកម្ពស់ បទពិសោធន៍អតិថិជនតាមរយៈបច្ចេកវិទ្យា។ កម្មវិធីធនាគារចល័ត Phillip Mobile របស់ធនាគារ ហ្វីលីព បានធ្វើឱ្យការធ្វើប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល និងមានសុវត្ថិភាពជាងមុន។

ធនាគារក៏បានក្លាយជាធនាគារនៅក្នុងប្រទេសកម្ពុជា ដែលបើកដំណើរការសេវាទិញធានារ៉ាប់រងតាមរយៈប្រព័ន្ធឌីជីថល ដែលអាចឱ្យអតិថិជនបំពេញព័ត៌មាន ទូទាត់ និងចេញលិខិតធានារ៉ាប់រងតាមរយៈកម្មវិធីទូរស័ព្ទ ដែលជាភាពងាយស្រួល នៅក្នុងទីផ្សារប្រទេសកម្ពុជា។ តាមរយៈសេវាកម្ម Phillip Business ឥឡូវនេះ អតិថិជនសាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម អាចគ្រប់គ្រងគណនី និងអនុម័តរាល់ប្រតិបត្តិការទាំងអស់របស់ពួកគេបានយ៉ាងរលូន នៅលើវេទិការួមបញ្ចូលគ្នាតែមួយ។
ជាផ្នែកមួយនៃក្រុមហ៊ុន PhillipCapital ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ជាមួយនឹងបទពិសោធន៍ប្រកបដោយឧត្តមភាពជាង 50 ឆ្នាំ និងមានវត្តមាននៅក្នុង 15 ប្រទេស ធនាគារ ហ្វីលីព បាននាំយកនូវអភិបាលកិច្ចនៃការអភិវឌ្ឍកិច្ចការងាររបស់ក្រុមហ៊ុនស្នូល សម្រាប់អនុវត្តនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងមូលនិធិរបស់ម្ចាស់ហ៊ុនចំនួនជាង 3 ពាន់លានដុល្លារអាមេរិក និងទ្រព្យសកម្មច្រើនជាង 65 ពាន់លានដុល្លារ ភាពរឹងមាំរបស់ក្រុមហ៊ុន PhillipCapital នឹងធានាបាននូវស្ថិរភាព និងកំណើនប្រកបដោយចីរភាពរបស់ធនាគារ ហ្វីលីព។
វត្តមានរបស់ក្រុមហ៊ុន PhillipCapital នៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមនៅឆ្នាំ 2009 ជាមួយនឹងការវិនិយោគដំបូងចំនួន $100,000 នៅក្នុងក្រុមហ៊ុន First Finance ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្នែកឥណទាន។ បន្ទាប់មក ការប្តេជ្ញាចិត្តនោះបានរីកចម្រើនជាមួយនឹងការទិញយកធនាគារពាណិជ្ជ Hwang DBS និងការរួមបញ្ចូលគ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ដែលបង្កើតបានជាធនាគារ ហ្វីលីព ភីអិលស៊ី សព្វថ្ងៃនេះ។ មូលនិធិរបស់ម្ចាស់ភាគហ៊ុន នាពេលបច្ចុប្បន្ន មានចំនួនលើសពី 179 លានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរយៈពេលវែងរបស់ខ្លួន ចំពោះសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងកំណើនជាបន្តបន្ទាប់។
រួមគ្នាជាមួយក្រុមហ៊ុនបរធនបាលកិច្ច Phillip Trustee ក្រុមហ៊ុនធានារ៉ាប់រងទូទៅ Phillip Insurance និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Phillip Life Assurance ធនាគារ ហ្វីលីព បានបង្កើតប្រព័ន្ធអេកូដ៏ទូលំទូលាយដែលផ្តល់ជូននូវដំណោះស្រាយធនាគារបុគ្គល សហគ្រាសធុនតូច និងមធ្យម សាជីវកម្ម និងប្រតិបត្តិការនានា ក្រោមការគាំទ្រដោយស្តង់ដារអភិបាលកិច្ចសិង្ហបុរី និងចំណេះជំនាញនៅក្នុងប្រទេស។
លើសពីការច្នៃប្រឌិត សេវាធនាគារអាទិភាពរបស់ធនាគារ ហ្វីលីព បាននាំយកនូវដំណោះស្រាយរួមមួយ ចំពោះការគ្រប់គ្រងហិរញ្ញវត្ថុ ដោយផ្តល់ជូនសេវាកម្មបន្ថែមលើអត្រាការប្រាក់ប្រកួតប្រជែង ដើម្បីផ្តល់ជូនអតិថិជននូវដំណោះស្រាយផ្ទាល់ខ្លួន តាមរយៈបណ្តាញភ្នាក់ងារនៅក្នុងប្រទេស និងថ្នាក់តំបន់។ តាមរយៈការផ្សាភ្ជាប់អតិថិជនទៅនឹងអ្នកជំនាញនៃក្រុមហ៊ុនស្នូល PhillipCapital ធនាគារបានជួយជ្រោមជ្រែងអតិថិជនក្នុងការរៀបចំផែនការ បន្តភាពរីកចម្រើន និងការពារហិរញ្ញវត្ថុរបស់ពួកគេឱ្យកាន់តែប្រសើរឡើងសម្រាប់ពេលអនាគត។
លោក Ong Teong Hoon តំណាងភាគទុនិកនៃធនាគារ ហ្វីលីព ភីអិលស៊ី មានប្រសាសន៍ថា “ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុពីប្រទេសសិង្ហបុរី យើងបានបង្កើតមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនយើងខ្ញុំ ត្រូវបានដឹកនាំដោយឈរលើគោលការណ៍ ដែលកំណត់ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសសិង្ហបុរី រួមមានសុចរិតភាព ភាពប្រុងប្រយ័ត្ន និងការវិនិយោគក្នុងរយៈពេលវែង។ ”
“តម្លៃទាំងនេះ ជម្រុញឱ្យយើងកសាងទំនុកចិត្តតាមរយៈតម្លាភាព និងការជួយជ្រោមជ្រែងអតិថិជនរបស់យើង ឱ្យទទួលបាននូវភាពរុងរឿងយូរអង្វែង។”
នៅពេលដែលធនាគារ ហ្វីលីព បន្តរីកចម្រើននាថ្ងៃអនាគត ធនាគារនឹងនៅតែផ្តោតលើការផ្តល់សិទ្ធិអំណាចដល់ភាគីពាក់ព័ន្ធនិងអតិថិជន តាមរយៈដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត និងរួមបញ្ចូលគ្នានូវឧត្តមភាពរបស់សិង្ហបុរី ជាមួយនឹងការយល់ដឹងយ៉ាងស៊ីជម្រៅថ្នាក់មូលដ្ឋាន ដើម្បីកសាងប្រព័ន្ធអេកូរួមដែលជំរុញឱ្យមានកំណើនប្រកបដោយនិរន្តរភាពនៅទូទាំងប្រទេសកម្ពុជា។