ព័ត៌មានជាតិ

ផ្លូវកាត់ថ្មីចេញពីកោះធំទៅលើកដែក តភ្ជាប់ទៅដល់ស្ពានអ្នកលឿងស្ថាបនារួចរាល់ ១០០ ភាគរយហើយ

BY
soknita
October 24, 2025

(ខេត្តកណ្ដាល)៖ រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា ផ្លូវកាត់ថ្មីចេញពីកោះធំទៅលើកដែក តភ្ជាប់ទៅដល់ស្ពានអ្នកលឿងស្ថាបនារួចរាល់ ១០០ភាគរយហើយ។ កំណាត់ផ្លូវជាតិលេខ ២៣ ប្រវែង ១៩,៨ គីឡូម៉ែត្រ ទទឹងតួផ្លូវ ១១ ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំត្រើយខាងកើត ស្ថិតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល បានស្ថាបនារួចរាល់១០០ ភាគរយ កាលពីដើមខែតុលា ឆ្នាំ ២០២៥ នេះ។ នេះបើតាមការឱ្យដឹងពី ឯក ឧត្តមផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន។

ចំពោះខ្សែផ្លូវជាតិដ៏សំខាន់នេះឆ្លងកាត់ឃុំចំនួន ៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក ស្រុកកោះធំ និងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានស្ថាបនាឡើងជាផ្នែកចម្បងនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់អាទិភាពសម្រាប់សម្រួលដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ។

ក្រសួងសាធារណការនិងដឹកជញ្ចូន បានលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ ២៣ រួមមាន ការពង្រីកផ្លូវឱ្យមានទទឹងកាន់តែធំ ការងារសាងសង់និងជួសជុលដោយចាក់ក្រាលកៅស៊ូ AC ការរចនាចិញ្ចើមផ្លូវ ការរៀបចំប្រព័ន្ធលូបង្ហូរទឹក ត្រង់ចំណុចសំខាន់ៗ ការរៀបចំជើងទេរដែលមានភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ និងភាតរៈបរិស្ថាន (Climate Friendly) និងការងារថែទាំខួបសម្រាប់រយៈពេល ៣ ឆ្នាំបន្ទាប់ពីការងារសាងសង់បានបញ្ចប់៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

Share This Post: