ក្រុមហ៊ុនកម្ពុជា និងម៉ាឡេស៊ី នឹងចាប់ដៃគ្នាវិនិយោគចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោស្រស់
តាមការបង្ហោះរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនកម្ពុជា និងម៉ាឡេស៊ី នឹងចាប់ដៃគ្នាវិនិយោគចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោស្រស់។

កាលពីរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ក្នុងការបង្ហោះលើគណនីផេកផ្លូវការពី ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Farm Fresh Berhad និងជាអធិបតីក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Alpha Group និងក្រុមហ៊ុន Farm Fresh Berhad លើការវិនិយោគផលិផលពីទឹកដោះគោស្រស់។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូ ក្រុមហ៊ុន Farm Fresh Berhad ដឹកនាំដោយ លោក Loi Tuan Ee សហស្ថាបនិក នាយកគ្រប់គ្រង និងជានាយកប្រតិបត្តិក្រុមហ៊ុន។
បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីផ្លាស់ប្តូរចុះអនុស្សរណៈលើការយោគយល់គ្នា រវាងក្រុមហ៊ុន Alpha Group របស់កម្ពុជា តំណាងដោយ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមហ៊ុន ជាមួយនឹងក្រុមហ៊ុន Farm Fresh Berhad របស់ម៉ាឡេស៊ី តំណាងដោយ លោក Loi Tuan Ee។
អនុស្សរណៈលើការយោគយល់គ្នាដែលបានផ្លាស់ប្តូរនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើតកិច្ចសហការក្នុងការពង្រីកប្រតិបត្តិការអាជីវកម្ម និងការវិនិយោគរបស់ក្រុមហ៊ុន Farm Fresh Berhad មកកាន់ប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងខ្សែចង្វាក់ផលិតកម្មផលិតផលចេញពីទឹកដោះគោស្រស់ ដើម្បីចូលរួមបំពេញតម្រូវការទីផ្សារ៕





ប្រភព៖ Chanthol Sun DPM