ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចប្រធានរដ្ឋសភា បញ្ជាក់ជូនរដ្ឋសភាហុងគ្រី ថា កម្ពុជាមិនចង់បានសង្រ្គាមទៀតនោះឡើយ ហើយចង់ឃើញពិភពលោកទាំងមូលមានសន្តិភាព

    BY soknita October 29, 2025
    សម្តេចប្រធានរដ្ឋសភា បញ្ជាក់ជូនរដ្ឋសភាហុងគ្រី ថា កម្ពុជាមិនចង់បានសង្រ្គាមទៀតនោះឡើយ ហើយចង់ឃើញពិភពលោកទាំងមូលមានសន្តិភាព

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចប្រធានរដ្ឋសភា បញ្ជាក់ជូនរដ្ឋសភាហុងគ្រី ថា កម្ពុជាមិនចង់បានសង្រ្គាមទៀតនោះឡើយ ហើយចង់ឃើញពិភពលោកទាំងមូលមានសន្តិភាព។ មុនបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសហុងគ្រី កាលពីព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារ ក្នុងពេលទទួលទានអាហារពេលព្រឹក ជាមួយលោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ រដ្ឋសភា នៃប្រទេសហុងគ្រី។

    សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋសភាហុងគ្រី ដែលបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ សម្តេច ប្រកបដោយភាពកក់ក្តៅ ដោយបានរៀបចំកម្មវិធីប្រកបដោយខ្លឹមសារ នៅក្នុងនោះ សម្តេច បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃប្រទេសហុងគ្រីទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិប្រកបដោយអត្ថន័យ ទទួលលទ្ធផលជាទីមោទនៈ ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ក្នុងបុព្វហេតុដើម្បីប្រជាពលរដ្ឋ។

    សម្តេចរដ្ឋសភាធិបតី បានបង្ហាញក្តីរីករាយយ៉ាងក្រៃលែងដែលបានជួបពិភាក្សាការងារជាមួយលោកជំទាវ ម៉ាតា ម៉ាត្រៃ ម្តងទៀតនៅពេលនេះ បន្ទាប់ពីការជួបពិភាក្សាគ្នាប្រកបដោយខ្លឹមសារ កាលពីដើមឆ្នាំ២០២៥នេះ ក្នុងពេលដែលលោកជំទាវបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា។

    សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនៅហុងគ្រីរយៈពេលខ្លីក៏ពិតមែន តែគណៈប្រតិភូរដ្ឋសភាកម្ពុជា បានស្វែងយល់ ដកស្រង់បទពិសោធន៍ជាច្រើនពីមិត្តហុងគ្រី តាមរយៈការធ្វើទស្សនកិច្ចទៅកាន់តំបន់វប្បធម៌ ទេសចរណ៍ មជ្ឈមណ្ឌលពាណិជ្ជកម្មនានា និងបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី និងថ្នាក់ដឹកនាំហុងគ្រីមួយចំនួនទៀត។ ជាលទ្ឋផល រដ្ឋសភាប្រទេសទំាងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

    សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រីនាឱកាសនេះ គណៈប្រតិភូទទួលបានអនុស្សាវរីយ៍ និងជាការចងចាំប្រកបដោយអត្ថន័យ។

    លោកជំទាវ អនុប្រធានទី១រដ្ឋសភាហុងគ្រី បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងហុងគ្រី ដែលមានតំាងពីយូរលង់ណាស់មកហើយ។ ទំនាក់ទំនងប្រទេសទំាងពីរឈរលើផលប្រយោជន៍ពលរដ្ឋ មានភាពស្មោះត្រង់ និងការជឿជាក់គ្នា។ កម្ពុជា និងហុងគ្រីមានទស្សនៈនយោបាយស្រឡាញ់សន្តិភាពដូចគ្នា។ នៅត្រង់ចំនុចនេះ លោកជំទាវ បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ការទូតសភាក្នុងការពង្រឹងប្រព័ន្ធពហុនិយម ផ្អែកលើច្បាប់អន្តរជាតិដើម្បីធានាការពារសន្តិភាព។ តួនាទីដ៏សំខាន់មួយទៀតរបស់តំណាងរាស្រ្ត ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

    ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា ក៏បានជម្រាបជូន លោកជំទាវ ពីកិច្ចព្រមព្រៀងសន្តិភាពដែលនាយរដ្ឋមន្រ្តីកម្ពុជានិងថៃ បានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ប៉ុន្មានថ្ងៃមុននេះ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី ក្រោយប្រទេសទំាងពីរមានជម្លោះព្រំដែនជាមួយគ្នាប្រមាណជា៥ខែ មកនេះ។ កិច្ចព្រមព្រៀងនេះបានជួយសង្រ្គោះអាយុជីវិតវីរកងទ័ព និងប្រជាពលរដ្ឋស្លូតត្រង់រាប់ម៉ឺននាក់ ពីស្ថានការណ៍ដែលមានការប្រឈមខ្ពស់។ កិច្ចព្រមព្រៀងសន្តិភាព ជាបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋកម្ពុជា។ កម្ពុជាមិនចង់បានសង្រ្គាមទៀតនោះឡើយហើយចង់ឃើញពិភពលោកទំាងមូលមានសន្តិភាព៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: