រយៈពេល ១០ខែ ក្នុងឆ្នាំ ២០២៥ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរជាង ៨០ម៉ឺននាក់
(ខេត្តកោះកុង)៖ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា រយៈពេល ១០ខែ ក្នុងឆ្នាំ ២០២៥ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរជាង ៨០ម៉ឺននាក់។ ក្នុងនោះ លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ ក៏ដូចជាមន្ទីរទេសចរណ៍ខេត្តកោះកុង បានជំរុញនូវយុទ្ធនាការ ទេសចរណ៍បៃតង ឬ Green Season ឃើញថា ក្នុងរយៈពេលប្រមាណ១០ខែនេះ មានភ្ញៀវទេសចរមកកម្សាន្ត នៅខេត្តកោះកុង មានចំនួនជាង៨០ម៉ឺននាក់ ដោយមានការកើនឡើងច្រើន។

ក្នុងបទសម្ភាសន៍ ជាមួយវិទ្យុជាតិកម្ពុជា លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានបញ្ជាក់ថា កន្លងមកនេះ រាជរដ្ឋាភិបាល បានស្ថាបនាផ្លូវជាតិលេខ៤៨ ឡើងវិញ និងការស្ថាបនាផ្លូវជាតិលេខ១០ ដែលជាផ្លូវជាតិមួយនេះបាន តភ្ជាប់រវាងនៅខេត្តកោះកុង ទៅតំបន់ភូមិភាគពារយ័ព្យ ពោលតភ្ជាប់ ពីតំបន់ភ្នំ១៥០០ និងបណ្តាខេត្តជាច្រើន ដូចជាខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និងឧត្តរមានជ័យនេះ អាចឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចមកទស្សនានៅខេត្តកោះកុង តាមរយៈតំបន់វប្បធម៌ តភ្ជាប់មកតំបន់ឆ្នេរ តាមរយៈខ្សែផ្លូវជាតិលេខ១០មួយដ៏មានភាពទាក់ទាញ ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ថា មន្ទីរមានផែនការអភិវឌ្ឍន៍ទេសចរណ៍ប្រចាំឆ្នាំ ២០២១-២០២៥ សម្រាប់ជួយជំរុញឱ្យវិស័យទេសចរណ៍ បានការកាន់តែកើនឡើង ក្នុងនោះក៏មានការចូលរួម ជាមួយនឹងការអភិវឌ្ឍលទ្ធផលសម្បទាន ដោយការពង្រឹងគុណភាពសេវាកម្មទេសចរណ៍, ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ សម្រាប់មន្ទីរទេសចរណ៍ និងការអភិវឌ្ឍន៍ធនធានមនុស្ស នៅក្នុងវិស័យទេសចរណ៍ ក៏ដូចជាជំរុញនូវការវិនិយោគ លើវិស័យទេសចរណ៍ តាមរយៈការជំរុញលើកទឹកចិត្តឱ្យអ្នកវិនិយោគ មកខេត្តកោះកុងឱ្យកាន់តែច្រើន ។
« ដោយសារមានការស្ថាបនា និងសមទ្ធផលថ្មីៗ ផ្លូវជាតិទាំងពីរនេះ បានធ្វើឱ្យខេត្តកោះកុង ក្នុងឆ្នាំ២០២៥នេះ រយៈពេល ១០ខែ ឃើញថាយើងបានទទួលភ្ញៀវជាង ៨០ម៉ឺននាក់ សម្រាប់១០ខែមកខេត្តកោះកុងយើង ។ ក្រសួងទេសចរណ៍ ដូចជាមន្ទីរទេសចរណ៍ខេត្តកោះកុង បានជំរុញនូវយុទ្ធនាការ ទេសចរណ៍បៃតង ឬ Green Season នេះ យើងឃើញថា ក្នុងរយៈពេលប្រមាណ១០ខែនេះ ឃើញមានភ្ញៀវទេសចរខេត្តកោះកុង មានការកើនឡើងច្រើន ស្របនឹងផ្លូវជាតិលេខ៤៨ និងលេខ១០ បានរួចរាល់ទៀត ធ្វើឱ្យភ្ញៀវកាន់តែច្រើន » ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់បន្ថែមថា ក្រៅពីយុទ្ធនាការទេសចរណ៍បៃតង (Green Season)នេះ ក្រសួងក៏បានជំរុញនៅយុទ្ធនាការ «ទាំងអស់គ្នាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា» តាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន មួយវិញទៀតតាមទិសស្លោក របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ជាពិសេសសម្រាប់មហាគ្រួសារទេសចរណ៍វិញ គឺបានចេញពាក្យស្លោកមួយថា «បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់» សុទ្ធតែជាផ្នែកដ៏សំខាន់ក្នុងការជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ ។
សូមបញ្ជាក់ថា សម្រាប់រយៈពេល១០ខែចុងក្រោយ ឆ្នាំ ២០២៥ នេះ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរជាតិ ចំនួន ៨១៧ ៧៦៩នាក់ ខណៈភ្ញៀវទេសចរអន្តរជាតិ ចំនួន ៥៨ ៨៩០នាក់ ដែលកំណើននេះ បានពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ ជាសេនាធិការ៕





