ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា សម្រេចបញ្ជូនប្រតិភូកីឡា ២១ប្រភេទកីឡា ៣៣៣នាក់ ចូលរួមប្រកួតកីឡាស៊ីហ្គេម នៅថៃ ពីថ្ងៃទី ៩ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខនេះ

    BY soknita November 22, 2025
    កម្ពុជា សម្រេចបញ្ជូនប្រតិភូកីឡា ២១ប្រភេទកីឡា ៣៣៣នាក់ ចូលរួមប្រកួតកីឡាស៊ីហ្គេម នៅថៃ ពីថ្ងៃទី ៩ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខនេះ

    (រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា សម្រេចបញ្ជូនប្រតិភូកីឡា ២១ប្រភេទកីឡា ៣៣៣នាក់ ចូលរួមប្រកួតកីឡាស៊ីហ្គេម នៅថៃ ពីថ្ងៃទី ៩ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខនេះ។

    នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងសម្ភាសន៍មួយ នៅក្នុងសប្តាហ៍នេះ។ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមគ្រូបង្វឹក កីឡាករ កីឡាការិនីលើ ២១ប្រភេទកីឡារបស់កម្ពុជានឹងចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ។ កម្ពុជាចុះឈ្មោះចុងក្រោយមានកីឡាករ កីឡាការិនីចំនួន ២២២នាក់ ហើយមានគ្រូបង្វឹក មន្រ្តីជំនាញ មន្ត្រីកីឡា គ្រូពេទ្យ ប្រតិភូដឹកនាំ សរុប ១១១ នាក់ សរុបទាំងអស់គឺមានចំនួន ៣៣៣នាក់។

    ឯកឧត្ដម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា ការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០២៥ នឹងទទួលបានការគាំពារយ៉ាងពិសេសពីម្ចាស់ផ្ទះថៃ ហើយប្រតិភូ កីឡាករ កីឡាការិនី នឹងស្នាក់នៅសណ្ឋាគារតែមួយជុំគ្នានៅក្រុងបាងកក។ ឯកឧត្ដម វ៉ាត់ ចំរើន ក៏បានរំឭកពី គោលការណ៍ចលនាអូឡាំពិក ដែលមិនមានការប្រកាន់ រើសអើងឡើយ។ ការប្រកួតកីឡា មិនមែនជាវេទិការនយោបាយទេ តែជាការប្រកួតប្រជែងដោយបច្ចេកទេស ដែលបង្កើតឱ្យបាននូវសន្តិភាព សុខដុមនីយកម្ម។ រដ្ឋលេខាធិការរូបនេះបន្ថែមថា កម្ពុជាចូលរួមប្រកួតកីឡាស៊ីហ្គេម គឺធ្វើឱ្យស្របតាមច្បាប់ និងធម្មនុញ្ញកីឡាអន្ដរជាតិ ក្នុងនាមជាសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍។

    អគ្គលេខាធិការ NOCC គូសបញ្ជាក់បន្ថែមថា យោងទៅតាមច្បាប់កីឡាអន្ដរជាតិ ក្នុងនាមជាសមាជិករបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ យើងត្រូវទៅចូលរួមការប្រកួតកីឡាដែលរៀបចំពីរឆ្នាំម្តង ដោយនេះគឺជាច្បាប់។ យើងត្រូវតែបំពេញកាតព្វកិច្ចក្នុងនាមជាសមាជិក។ ម្ចាស់ផ្ទះថៃសន្យានឹងរឹតបន្ដឹងសុវត្ថិភាពជូនប្រតិភូកីឡាកម្ពុជា ហើយម្ចាស់ផ្ទះ ថៃ ក៏បានប្រកាសជាសាធារណៈលើការធានាលើសុវត្ថិភាពជូនប្រតិភូកីឡាកម្ពុជាផងដែរ។

    ប្រភេទកីឡាទាំង ២១ ដែលកម្ពុជានឹងត្រូវបញ្ជូនឱ្យចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ រួមមាន៖ អត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ យូដូ តេក្វាន់ដូWT ទ្រីយ៉ាត្លុង បាល់ទះ បាល់ទាត់ ចំបាប់ បញ្ចស៊ីឡាត់ ឃីកបុកស៊ីង ប៉េតង់ សីដក់ ម៉ូតូទឹក ការ៉ាតេ ជឺជីតស៊ូ វូស៊ូ បាល់ទាត់លើតុ និងកីឡាអេឡិចត្រូនិក។

    គួរបញ្ជាក់ថា ស៊ីហ្គេម គឺជាព្រឹត្តិការណ៍ពហុកីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តង ចំនួន៣២លើករួចមកហើយៗក្នុងនោះព្រះរាជាណាចក្រកម្ពុជាធ្លាប់ទទួលរៀបចំធ្វើម្ចាស់ផ្ទះម្តង ក្នុងឆ្នាំ២០២៣ កន្លងទៅជាមួយនឹងការទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ជាមួយនឹងការបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មី ក្នុងការដណ្តើមបានមេដាយមាស ៨១គ្រឿង មេដាយប្រាក់ ៧៤គ្រឿង និងសំរឹទ្ធ ១២៧ គ្រឿង (សរុប ២៨២ គ្រឿង) និងឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម១១ប្រទេសនៃតំបន់អាស៊ានទាំងមូល៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: