មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ កម្ពុជាចំណេញ ក្រោយថៃបោះបង់ឱកាសធ្វើពាណិជ្ជកម្មជាមួយ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជាចំណេញ ក្រោយថៃបោះបង់ឱកាសធ្វើពាណិជ្ជកម្មជាមួយ។ ក្នងសន្និសឹទសារព័ត៌មាន ស្តីពីការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ នាពេលថ្មីៗនេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា នៅពេលដែលថៃបោះបង់ឱកាសធ្វើពាណិជ្ជកម្មជាមួយកម្ពុជា បានធ្វើឱ្យកម្ពុជាចំណេញ សហគ្រាសក្នុងស្រុករីកចម្រើន និងបណ្តាប្រទេសក្នុងតំបន់ផ្សេងទៀតក៏ចំណេញដូចគ្នា។

ឯកឧត្តម បានបន្តថា ក្រោយកម្ពុជាកាត់បន្ថយការនាំចូលទំនិញពីថៃ បច្ចុប្បន្ននេះ ទំនិញដែលមានក្នុងទីផ្សារសម្រាប់បំពេញតម្រូវក្នុងស្រុក ប្រមាណពី ៦០ទៅ៧០ ភាគរយ គឺជាទំនិញកម្ពុជា និងមួយចំនួនទៀត នាំចូលពីវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសក្នុងតំបន់ផ្សេងទៀត។
តាមមន្ត្រីជាន់ខញបស់ខាងលើ ប្រេង និងឧស្ម័ន ត្រូវបាននាំមកពីវៀតណាម និងសិង្ហបុរីបន្ទាប់ពីឈប់នាំចូលពីថៃ រីឯគ្រឿងបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងទៀត បាននាំចូលពីបណ្តាប្រទេសក្នុងតំបន់ ដូចជាម៉ាឡេស៊ី ឥណ្ឌូនេស៊ីជាដើម ខណៈស្ថានទូតម៉ាឡេស៊ីបានជូនដំណឹងថា ការនាំចូលរបស់ខ្លួនមកកាន់កម្ពុជាបានកើនឡើង៣ដង បើធៀបនឹងកាលពីមុន៕


ប្រភព៖ ក្រសួងព័ត៌មាន