ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តបាត់ដំបង ចុះត្រួតពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដែលនឹងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ

    BY soknita November 24, 2025
    អភិបាលខេត្តបាត់ដំបង ចុះត្រួតពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដែលនឹងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ

    (ខេត្តបាត់ដំបង)៖ តាមការចុះផ្សាយពី ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា អភិបាលខេត្តបាត់ដំបង ចុះត្រួតពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដែលនឹងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដើម្បីត្រៀមធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

    ក្នុងឱកាសនេះផងដែរ ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានសម្តែងសេចក្តីត្រេកអរ សប្បាយរីករាយ និងសូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានសាងសង់ទំនប់ដូនទ្រី នេះឡើងដែលជាសមិទ្ធផលថ្មីមួយសម្រាប់បម្រើផលប្រយោជន៍នៅក្នុងខេត្តបាត់ដំបង។

    គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងសាងសង់សម្រេចបាន ១០០% ហើយ ខណៈទំនប់នេះអាចមានលទ្ធភាពស្តុកទឹកបានប្រមាណ ១៦៣លានម៉ែត្រគូប និងមានសក្តានុពលផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីបង្កបង្កើនកសិកម្មនៅរដូវវស្សាប្រមាណ ៣៣ ០០០ហិកតា និងរដូវប្រាំងប្រមាណ ៤ ៥០០ហិកតា ក្នុងឃុំចំនួន១៥ នៃស្រុកចំនួនបីគឺ ស្រុកមោងឬស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់។

    គម្រោងនេះក៏នឹងចូលរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ជាពិសេសវិស័យទឹកស្អាតដែលបម្រើឱ្យការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជួយកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម៕

    ប្រភព៖ ក្រសួងមហាផ្ទៃ

    Share This Post: