លោកជំទាវ ចម និម្មល៖ រាជរដ្ឋាភិបាល ជំរុញឱ្យបរិយាកាសធុរកិច្ចនៅកម្ពុជា មានភាពកាន់តែប្រសើរឡើងមួយកម្រិតទៀត និងត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិសារអាហារការងារពេលព្រឹកជាមួយឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Renita Bhaskar ប្រធានផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃប្រតិភូសហភាពអឺរ៉ុប ព្រមទាំងសហការី ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា-សហភាពអឺរ៉ុបឱ្យកាន់តែប្រសើរថែមទៀត។

នាឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឱ្យបរិយាកាសធុរកិច្ចនៅកម្ពុជាមានភាពកាន់តែប្រសើរឡើងមួយកម្រិតទៀត ព្រមទាំងការត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) របស់កម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អយ៉ាងជិតស្និទ្ធិជាមួយកម្ពុជានិងបន្តអនុវត្តនូវផែនការសកម្មភាពការងាររួមរវាងភាគីទាំងពីរឱ្យកាន់តែមានប្រសិទ្ធិភាព៕ ផ្សាយ៖ កន ចំណាន








