ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លែងឲ្យមានទៀតហើយ ការជិះដំរីលេងកម្សាន្ត នៅខេត្តសៀមរាប

    BY autoadmin June 10, 2019
    លែងឲ្យមានទៀតហើយ ការជិះដំរីលេងកម្សាន្ត នៅខេត្តសៀមរាប

    ដំរីចំនួន ១៤ក្បាល ដែលតែងតែធ្វើការងារធ្ងន់នៅឯអង្គរវត្ត ក្នុងខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមានអ្នកទេសចរអន្តរជាតិជាង ២.៥លាននាក់ មកទស្សនាជារៀងរាល់ឆ្នាំ នឹងលែងត្រូវបានគេបង្ខំឱ្យធ្វើការតទៅទៀតហើយ។ គណៈកម្មាធិការដំរីអង្គរបានបញ្ជាក់ថា ពួកគេនឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលអភិរក្ស និងមជ្ឈមណ្ឌលបង្កាត់នាដើម ឆ្នាំ២០២០ នេះ។ កាលពី ឆ្នាំ២០១៦ សត្វដំរីមួយបានដួលស្លាប់ ខណៈពេលដឹកអ្នកទេសចរ ២នាក់ ទៅកាន់បូជនីយដ្ឋានអង្គរ ដែលធ្វើឲ្យទាំងជាតិ និងអន្តរជាតិមានការខឹងសម្បាយ៉ាងខ្លាំង ចំពោះទង្វើរបែបនេះ។ ពីរឆ្នាំក្រោយមកញត្តិមួយ ដើម្បីបញ្ចប់ការជិះដំរីទទួលបានហត្ថលេខាជាង ១៤,០០០ ក្នុងរយៈពេលតែ ៤៨ម៉ោង ប៉ុណ្ណោះ បន្ទាប់ពីមានសត្វផ្សេងទៀតបានស្លាប់ដោយសារការអស់កម្លាំង។

    លោក អ៊ាន គីរី ប្រធានគណៈកម្មាធិការដំរីអង្គរបានមានប្រសាសន៍ថា៖ «នៅដើម ឆ្នាំ២០២០ សមាគមរបស់យើងគ្រោងនឹងបញ្ចប់ការប្រើប្រាស់ដំរី ដើម្បីដឹកភ្ញៀវទេសចរ។ ភ្ញៀវទេសចរនៅតែអាចមើលសត្វដំរី និងថតរូបពួកគេនៅក្នុងមណ្ឌលអភិរក្ស និងមជ្ឈមណ្ឌលបង្កាត់ពូជរបស់យើង។ យើងចង់ឱ្យសត្វដំរីរស់នៅតាមរបៀបធម្មជាតិតាមដែលអាចធ្វើទៅបាន»។ ក្រុមចលនា Moving Animals ដែលធ្វើការដើម្បីលើកកម្ពស់ការយល់ដឹងអំពីភាពសាហាវឃោរឃៅនៅពីក្រោយការជិះសត្វដំរីនេះ បានស្វាគមន៍ចលនានេះដោយហៅវាថាជា «ការដោះបន្ទុកដ៏អស្ចារ្យ» ។

    ភ្ញៀវទេសចរកាន់តែច្រើនលែងចង់ចំណាយលុយ ដើម្បីមើលសត្វដែលជាប់ច្រវាក់ ឬនៅកន្លែងឃុំឃាំងទៀតហើយ ហើយបើកន្លែងទាក់ទាញសត្វដំរី ដែលនៅតែបន្តធ្វើសកម្មភាពបែបនេះ គឺនឹងត្រូវបានហាមប្រាមលើការជិះដំរីទាំងនេះ ប្រសិនបើពួកគេចង់នៅជាមួយភ្ញៀវទេសចរ និងអ្នកដែលស្រឡាញ់សត្វតទៅទៀត។ កម្ពុជាត្រូវបានគេឱ្យដឹងថា សត្វដំរីប្រហែល ៧០ក្បាល កំពុងត្រូវបានគេឱ្យធ្វើការនៅក្នុងស្រុកយ៉ាងធ្ងន់ធ្ងរ ខណៈមានសត្វដំរីប្រហែល ៥០០ក្បាល កំពុងនៅក្នុងព្រៃ។ នេះរួមបញ្ចូលទាំងដំរីប្រហែល ១១០ក្បាល ដែលរស់នៅក្នុងជម្រកសត្វព្រៃកែវសីម៉ា និងជិត ២០០ក្បាល នៅភ្នំក្រវាញ៕

    អត្ថបទ៖ លីដា
    ប្រភព៖ metro

    Share This Post: