ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យកម្មករប្តឹងមកក្រសួងប្រសិនបើមានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនៅកន្លែងការងារ ដើម្បីក្រសួងចាត់វិធានការ

    BY soknita November 26, 2025
    អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យកម្មករប្តឹងមកក្រសួងប្រសិនបើមានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនៅកន្លែងការងារ ដើម្បីក្រសួងចាត់វិធានការ

    (ភ្នំពេញ)៖ តាមការបង្ហោះលើផេកផ្លូវការរបស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានអំពាវនាវដល់កម្មករនិយជិត បុគ្គលិកក្រុមហ៊ុនឱ្យប្តឹងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រសិនបើមានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនៅកន្លែងការងារ ដើម្បីក្រសួងចាត់វិធានការ។

    លោកថ្លែងថា៖«ខ្ញុំសូមអំពាវនាវដល់ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុមកាត់ដេរ និងជំនួយការនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រទាំងអស់ មេត្តាប្រើពាក្យសម្តីឱ្យបានទន់ភ្លន់ក្នុងការបំពេញការងារជាមួយកម្មករនិយោជិត ជាពិសេស បងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ សូមកុំមានការជេរប្រមាថ ហើយបងប្អូនកម្មករ ឬនិយោជិតទាំងអស់អាចប្តឹងមកក្រសួង មកអ្នកនាំពាក្យ ឬបណ្តឹងអនាមឹករបស់ក្រសួង»។

    ចំពោះការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាការជំរុញការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅជូនបងប្អូនអតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ទាំងពេលទំនាក់ទំនងផ្តល់ឱកាសការងារ និងពេលបំពេញការងារ ត្រូវមានភាពទន់ភ្លន់ យកចិត្តទុកដាក់ឱ្យដូចដែលរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន យុវជនស្ម័គ្រចិត្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហម ខិតខំផ្ដល់ជូនពេលបងប្អូនឈានជើងដំបូងចូលមកដល់បូរណភាពទឹកដីកម្ពុជា។

    សម្រាប់បណ្តឹង កម្មករនិយោជិតអាចប្តឹងមកបណ្តាញសង្គមក្រសួង បណ្តាញសង្គមរដ្ឋមន្ត្រី អ្នកនាំពាក្យ និងQRCode បណ្តឹងអនាមិកដែលអាចទាក់ទងបានគ្រប់ពេល។ លេខទំនាក់ទំនងអ្នកនាំពាក្យ៖ ០៩៧ ២៥៦ ៤៤៤៧/ ០៧៧ ៤៦៥ ២៨៩/ ០១៥ ៤៦៥ ២៨៩។ នេះបើតាមអ្នកនាំពាក្យលោក ស៊ុន មេសា ដដែល៕

    ប្រភព៖ ស៊ុន មេសា – Sun Mesa

    Share This Post: