សូមប្រុងប្រយ័ត្ន! កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះទី២៧ ឈ្មោះ ‹‹ភូតូ›› ដែលអាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង
(រាជធានីភ្នំពេញ)៖ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា ទទួលរងឥទ្ធិពលពីព្យុះទី២៧ ឈ្មោះ ‹‹ភូតូ›› ក្នុងកម្រិត ៣០ ភាករយ ដែលអាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ក្នុងសេចក្ដីជូនដណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានបន្ថែមថា យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុក្នុងតំបន់ និងព្រះរាជាណាចក្រ កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែល កើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី២៧ឈ្មោះ កូតូ (Koto) T2527 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានខ្លាំង ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះទទួលរងឥទ្ធិពល កម្រិត ៣០% នៅចន្លោះរវាងចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៥៖
១.តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូត ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥%។
២.តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២០%។
៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ បរិមាណទឹកភ្លៀងនឹងអាចកើនឡើងក្នុង កម្រិតមធ្យម និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។ រលកសមុទ្របោក បក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។
យោងលើការព្យាករខាងលើ សូមបងប្អូនមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ពិសេសបងប្អូននេសាទតាមសមុទ្រ។ ក្រសួងធនធានទឹក និងឧតុនិយម នឹង បន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕

ប្រពភ៖ ក្រសួងធនធានទឹក និងឧតុនិយម