ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដូចការគ្រោងទុក! ជើងហោះហើរត្រង់លើកដំបូងរបស់ ក្រុមហ៊ុនអាកាសចរណ៍ Firefly ពីទីក្រុងកូឡាឡាំពួ មកកាន់ខេត្តសៀមរាប បានចាប់ផ្ដើមដំណើរការហើយ

    BY soknita November 28, 2025
    ដូចការគ្រោងទុក! ជើងហោះហើរត្រង់លើកដំបូងរបស់ ក្រុមហ៊ុនអាកាសចរណ៍ Firefly ពីទីក្រុងកូឡាឡាំពួ មកកាន់ខេត្តសៀមរាប បានចាប់ផ្ដើមដំណើរការហើយ

    (ខេត្តសៀមរាប)៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា ជើងហោះហើរត្រង់លើកដំបូងរបស់ ក្រុមហ៊ុនអាកាសចរណ៍ Firefly ពីទីក្រុងកូឡាឡាំពួ មកកាន់ខេត្តសៀមរាប បានចាប់ដើមដំណើរការហើយ។

    ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់អ្នកដំណើរចំនួន ១៥៧នាក់ ស្ត្រី៦៦នាក់ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមរយៈហោះហើរត្រង់ដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Firefly ពីទីក្រុងកូឡាឡាំពួ មកកាន់ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងបានចុះចតប្រកបដោយសុវត្ថិភាព។

    គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ នឹងបន្តចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣ជើង ក្នុងមួយសប្តាហ៍ នៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍ រៀងរាល់សប្តាហ៍ ជាប្រភេទយន្ដហោះ Boeing 737-800 (B738) ។

    ជាមួយនឹងការអញ្ជើញមកដល់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ភ្ញៀវទេសចរ បានលើកឡើងថា ពួកគាត់បានធ្វើដោយសុវត្ថិភាពនិងភាពរីករាយ ដែលបានមកដល់ខេត្ដសៀមរាបអង្គរនេះ។ពួកគាត់បន្ដថា តាមរយៈការធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានមួយនេះ មានភាពស្រស់ស្អាត អមដោយទេសភាពស្រស់បំព្រង ជាពិសេសពួកគាត់ចង់ឃើញប្រាសាទអង្គរវត្ដ ដែលជាក្ដីប៉ងប្រាថ្នាជាយូរមកហើយ។

    ទន្ទឹមនឹងនោះ ភ្ញៀវទេសចរទាំងអស់ដែលមកដល់ខេត្ដសៀមរាប មិនមានការព្រួយបារម្ភពីបញ្ហាអន្ដិសុខនោះឡើយ បើទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសជិតខាងក្ដី ពោលគឺពួកគាត់នៅពេលត្រឡប់ទៅកាន់ស្រុកកំណើតវិញ ពួកគាត់និងផ្សព្វផ្សាយបន្តអំពីរមណីយដ្ឋានទេសចរណ៍ស្អាតៗនៅក្នុងខេត្តសៀមរាបទៅកាន់ប្រទេសរបស់ខ្លួន ដើម្បីឱ្យគ្រួសារពួកគាត់និងអ្នកទេសចរអញ្ជើញមកលេងខេត្ដសៀមរាបផងដែរ៕

    ប្រភព៖ ក្រសួងទេសចរណ៍

    Share This Post: