ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កាណាដាបង្ហាញចំណាប់អារម្មណ៍ខ្ពស់លើស្វាយចន្ទី ម្រេចកំពត និងកាហ្វេ

    BY soknita November 29, 2025
    កាណាដាបង្ហាញចំណាប់អារម្មណ៍ខ្ពស់លើស្វាយចន្ទី ម្រេចកំពត និងកាហ្វេ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ២៨ ខឬវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា ផលិតផលកសិកម្មសក្តានុពលរបស់កម្ពុជាចំនួន ៣មុខ រួមមាន ស្វាយចន្ទី ម្រេចកំពត និងកាហ្វេ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រទេសកាណាដា ក្នុងការនាំយកទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សារវាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

    នៅក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកអគ្គរដ្ឋទូត និងបានអបអរសាទរចំពោះការបើកស្ថានទូតកាណាដានៅកម្ពុជា ដែលជាសញ្ញាណវិជ្ជមានក្នុងការរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យកសិ-ពាណិជ្ជកម្ម។

    ក្រៅពីការពិភាក្សាលើឱកាសវិនិយោគ និងនាំចេញកសិផល ឯកឧត្តម ឌិត ទីណា ក៏បានស្នើឱ្យភាគីកាណាដាពិនិត្យលទ្ធភាពជួយគាំទ្រលើផ្នែកបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សផងដែរ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យមានការបញ្ជូនជំនាញការកាណាដា ដើម្បីជួយបណ្តុះបណ្តាល និងកសាងសមត្ថភាពដល់គ្រឹះស្ថានកសិកម្មសំខាន់ៗទាំងបីរបស់ក្រសួង ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើ រាជបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម ដើម្បីជំរុញការងារស្រាវជ្រាវ និងពិសោធន៍ឱ្យកាន់តែមានប្រសិទ្ធភាព។

    ភាគីទាំងពីរបានបញ្ចប់កិច្ចប្រជុំដោយបង្ហាញនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រែក្លាយកិច្ចសហប្រតិបត្តិការនេះឱ្យទៅជាផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែង តាមរយៈការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏ល្អ៕

    ព្រភព៖ ក្រសួងព័ត៌មាន

    Share This Post: