ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្រ្តីសុខាភិបាល «អ្នកនឹងមិនរុងរឿងយូរអង្វែងនោះទេ ប្រសិនបើអ្នកមិនចេះ និងស្រលាញ់ការចែករំលែក សូមសហការគ្នា ធ្វើការសម្រេចជារួម កុំសម្រេចចិត្តតែម្នាក់ឯង»

    BY Nisaiy KN November 30, 2025
    រដ្ឋមន្រ្តីសុខាភិបាល «អ្នកនឹងមិនរុងរឿងយូរអង្វែងនោះទេ ប្រសិនបើអ្នកមិនចេះ និងស្រលាញ់ការចែករំលែក សូមសហការគ្នា ធ្វើការសម្រេចជារួម កុំសម្រេចចិត្តតែម្នាក់ឯង»

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងឱកាស ឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាវេជ្ជសាស្រ្តកុមារលើកទី២៨ និងសន្និបាតសមាគម គ្រូពេទ្យកុមារកម្ពុជាលើកទី៨ ក្រោមប្រធានបទ៖ «រួមគ្នាប្រយុទ្ធនឹងជំងឺមហារីកកុមារ» នាព្រឹកទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។

    ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់សមាគម ដែលកន្លងមក គឺបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រឹងនូវសមត្ថភាពវិជ្ជាជីវៈផ្នែកវេជ្ជសាស្ត្រកុមារ និងការបម្រើសេវាជូនប្រជាជនជាកុមារ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព និងចូលរួមក្នុងការពង្រឹងនូវសុខុមាលភាពកុមារ និងកាត់បន្ថយនូវអត្រាឈឺ និងស្លាប់របស់កុមារ-ទារក ដែលជាគោលដៅចម្បងមួយ ក្នុងចំណោមគោលដៅចម្បងៗរបស់ក្រសួងសុខាភិបាល និងស្របតាមគោលនយោបាយអាទិភាពចំនួន៦ ក្នុងនោះអាទិភាពទី១ គឺពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

    ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួនដល់សមាជិក សមាជិកាសមាគម ដូចតទៅ៖

    1-បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងទៀងទាត់ នូវការរៀបចំសន្និសីទវិទ្យាសាស្រ្តនៃទិវាវេជ្ជសាស្ត្រកុមារ

    2-ជំរុញឱ្យមាននិរន្តភាពនូវការចេញផ្សាយព្រឹត្តិប័ត្រវេជ្ជសាស្ត្រកុមារ (Bulletin de Pediatrie)

    3-ពង្រឹង និងពង្រីកនូវវិសាលភាពនៃការបណ្ដុះបណ្ដាលបន្តផ្នែកវេជ្ជសាស្ត្រកុមារ ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងគ្របដណ្ដប់ដល់គ្រូពេទ្យកុមារទូទាំងប្រទេស

    4-បន្តជំរុញការចុះមូលដ្ឋានសុខាភិបាល ដោយក្តាប់ឱ្យជាប់នូវតម្រូវការចាំបាច់ ដើម្បីជួយជំរុញនិងបង្កើនគុណភាព សុវត្ថិភាពនៃការព្យាបាលជំងឺកុមារ

    5-បន្តគាំទ្រការធ្វើវិក្រឹត្យការ ឬការបណ្តុះបណ្តាលរយៈពេលខ្លី ដល់គ្រូពេទ្យនៅតាមមូលដ្ឋាន សម្រាប់ការបន្តធ្វើកម្មសិក្សានៅមន្ទីរពេទ្យជាតិនានា

    6-ចូលរួមសហការជាមួយអង្គភាពសុខាភិបាលផ្សេងទៀត ក្នុងការបណ្ដុះបណ្ដាល និងស្រាវជ្រាវពីផ្នែកវេជ្ជសាស្ត្រកុមារ

    7-បន្តការសហការជាមួយនឹងសហភាតរៈ ពាក់ព័ន្ធនឹងសុខភាពកុមារ។

    8-ពង្រឹងនូវវប្បធម៌នៃការធ្វើការងារជាក្រុម និងពង្រីកនូវវិស័យពហុជំនាញ (subs-specialty) សម្រាប់វេជ្ជសាស្ត្រកុមារ។

    9-បង្កើនសមត្ថភាពស្រាវជ្រាវការធ្វើរោគវិនិច្ឆ័យ និងព្យាបាលនៅមហារីកកុមារឱ្យបានឆាប់រហ័ស ទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងគុណភាព

    10-យកចិត្តទុកដាក់បញ្ចូលក្នុងកម្មវិធីបណ្ដុះបណ្ដាលនានារបស់សមាគម នូវកិច្ចការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន។

    ឯកឧត្តមសាស្ត្រាចារ្យ យឺត ស៊ុនណារ៉ា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យកុមារកម្ពុជា (ស.គ.ក.ក.) និងជា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា÷

    ទិវាវេជ្ជសាស្រ្តកុមារលើកទី២៨ និងសន្និបាតសមាគមគ្រូពេទ្យកុមារកម្ពុជាលើកទី៨ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងបងើ្កនចំណេះដឹងវិជ្ជាជីវៈដល់បណ្តាគ្រូពេទ្យទាំងអស់ ឱ្យកាន់តែមានសមត្ថភាព ក្នុងការផ្តល់សេវាថែទាំព្យាបាលកុមារប្រកបដោយគុណភាព ប្រសិទ្ធិភាព ស័ក្តិសិទ្ធភាព ដើម្បីផ្តល់នូវវេទិកាដល់អ្នកឯកទេសផ្នែកវេជ្ជសាស្រ្តកុមារទូទាំងប្រទេស បានចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធន៍រវាងគ្នា ក៏ដូចជាជួយផ្តល់នូវចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីឱ្យសិក្ខាកាមទាំងអស់ អាចទាញយកសារៈសំខាន់សម្រាប់ប្រើជាប្រយោជន៍ក្នុងការថែទាំ និងព្យាបាលកុមារកម្ពុជា។

    ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល សាស្រ្តាចារ្យ វេជ្ជបណិ្ឌត គ្រូពេទ្យ ដែលជាសមាជិកសមាគមគ្រូពេទ្យកុមារកម្ពុជា ចំនួន៤០០នាក់ ចូលរួមផ្ទាល់ និងតាមប្រព័ន្ធនិម្មិត Zoom ចំនួន ៣០០នាក់ ព្រមទាំងមានវាគ្មិនដែលជាសាស្ត្រាចារ្យ វេជ្ជបណ្ឌិតជំនាញៗ នៅកម្ពុជា បានធ្វើបទបង្ហាញក្នុងព្រឹត្តិការណ៍នេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: