សម្តេចធិបតី អបអរសាទរ ខួបលើកទី១០ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរ ខួបលើកទី១០ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

តាមបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចធិបតីបានបញ្ជាក់ថា នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ នេះ គឺជាខួប១០ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅប្រទេសណាមីប៊ី កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៥។ ល្បែងទាញព្រ័ត្រ ជាល្បែងដ៏មានប្រជាប្រិយភាពមួយ ដែលប្រជាជនខ្មែរនិយមលេង ក្នុងពិធីផ្សេងៗ ដើម្បីបង្ហាញពី សាមគ្គីភាពជាធ្លុងមួយ ក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកម្សាន្ត។
ការចុះបញ្ជីល្បែងទាញព្រ័ត្រ ដែលជាល្បែងចម្រុះជាតិសាសន៍ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ កើតចេញពីការប្រឹងប្រែងរួមគ្នារបស់ប្រទេសកម្ពុជា ហ្វីលីពីន កូរ៉េខាងត្បូង និងប្រទេសវៀតណាម។
សម្រាប់កម្ពុជា ទាញព្រ័ត្រ គឺជាល្បែងដ៏ពេញនិយមដែលមាននៅក្នុងរឿងព្រេង និងមានឆ្លាក់នៅតាមជញ្ជាំងប្រាសាទបុរាណ។ នៅច្រកចូលប្រាសាទអង្គរធំ ក៏មានបដិមាទេពតា និងយក្ស ទាញសត្វនាគរាជនៅអមសងខាងផ្លូវ ដែលមានទម្រង់ដូចគ្នានឹងការទាញព្រ័ត្រដែរ។ ល្បែងទាញព្រ័ត្រក្នុងប្រទេសកម្ពុជា គេនិយមលេងនៅក្នុងរដូវចូលឆ្នាំប្រពៃណីជាតិ។ ល្បែងដែលជាទីពេញនិយម សម្រាប់យុវជនយុវនារីពេញកម្លាំងនេះ បានបង្ហាញពីការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីយកឈ្នះគូបដិបក្ខ៕
