ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិភ័យឆេះភោជនីយដ្ឋានមួយកន្លែង នៅសង្កាត់ទួលស្វាយព្រៃទី១ កាលពីព្រឹកមិញនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៩គ្រឿង

    BY soknita December 2, 2025
    អគ្គិភ័យឆេះភោជនីយដ្ឋានមួយកន្លែង នៅសង្កាត់ទួលស្វាយព្រៃទី១ កាលពីព្រឹកមិញនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៩គ្រឿង

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ នេះ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អគ្គិភ័យឆេះភោជនីយដ្ឋានមួយកន្លែង នៅសង្កាត់ទួលស្វាយព្រៃទី១ កាលពីព្រឹកមិញនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៩គ្រឿង។

    ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបន្ថែមថា ចំពោះអគ្គិភ័យដែលបានកើតឡើងលើ ភោជនីយដ្ឋាន ឡោងទីហ្វាង មួយនេះ បានឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ ស្ថិតនៅចំណុចដីឡូតិ៍លេខ១១៣ មហាវិថីម៉ៅសេទុង ភូមិ៦ ក្រុម៤៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

    ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់រថយន្តដែលនៅក្បែរនោះ។

    លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៩គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ ៤គ្រឿង ស្មើរនឹង១៦ម៉ែត្រគូប រថយន្តជំនួយរបស់ក្រសួងមហាផ្ទៃ ចំនួន ១គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿង ពុំបានប្រើប្រាស់ទឹក។

    ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ថ្មបេតុង ទំហំ (៧០ម៉ែត្រ x ៧០ម៉ែត្រ) ឆេះខូចខាតម៉ាស៊ីនបឺតផ្សែងចំនួន០១, ចង្ក្រានចំអិនម្ហូបចំនួន០១ នឹងពុំបានបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ចំពោះ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានសំអាតចប់នៅម៉ោង ១១និង៥០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែរ។

    លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ។ ដោយឡែក ចំពោះករណីខាងលើនេះ មិនបានបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ៕

    ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ

    Share This Post: