ព័ត៌មានជាតិ

កម្ពុជាសម្រេចលើកលែង «ទិដ្ឋការ ឬ VISA» សាកល្បងសម្រាប់ពលរដ្ឋចិន ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ ១៥ ខែតុលា ឆ្នាំ ២០២៦ ដោយពុំតម្រូវឱ្យមានការស្នើសុំ ឬបង់កម្រៃទេ ដោយគ្រាន់តែបំពេញ E-Arrival Card

BY
soknita
December 3, 2025

(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី ឯកសារមន្ត្រីសាធារណៈ នៅព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ ទីស្ដីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ប្រទេសកម្ពុជាសម្រេចលើកលែង «ទិដ្ឋការ ឬ VISA» សាកល្បងសម្រាប់ពលរដ្ឋចិន ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ ១៥ ខែតុលា ឆ្នាំ ២០២៦ ដោយពុំតម្រូវឱ្យមានការស្នើសុំ ឬបង់កម្រៃទេ។

ក្នុងសេចក្ដីចែងរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ ដូចខាងក្រោម៖

១- ផ្តល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ដោយផ្តល់ រយៈពេលស្នាក់នៅចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែ បំពេញ E-arrival card។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្ត ភ្ញៀវចិនអាចអញ្ជើញមក កម្ពុជាប៉ុន្មានលើកក៏បាន។

២- អនុញ្ញាតឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដាក់ស្នើនិងចរចាជាមួយភាគី រដ្ឋាភិបាលចិនឱ្យបន្ធូរបន្ថយ និងសម្រួលនីតិវិធីនៃការស្នើសុំទិដ្ឋាការដល់ទេសចរខ្មែរ ទៅ ប្រទេសចិន ដើម្បីឈានដល់ការអនុវត្តការលើកលែងទិដ្ឋាការបដិការតែម្តង នាពេលអនាគត។ ដើម្បីមានប្រសិទ្ធភាព គួរសហការជាមួយវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយទៅគោលដៅចិន ឱ្យបានល្អ និងឆាប់រហ័ស៕

ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

Share This Post: