ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងកសិកម្ម មានផែនការកែច្នៃសហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់»

    BY soknita December 5, 2025
    ក្រសួងកសិកម្ម មានផែនការកែច្នៃសហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់»

    (ខេត្តតាកែវ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងកសិកម្ម មានផែនការកែច្នៃសហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» ទៅជាតំបន់កសិ -ទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីគម្រោងរៀបចំកិច្ច ពិភាក្សាមួយជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍លើគ្រោងប្លង់សម្រាប់ ការអភិវឌ្ឍទំនប់អូររំដួលនៃសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ឱ្យក្លាយជាតំបន់កសិ-ទេសចរណ៍។

    គម្រោងនេះបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីត្រី-វិស័យលើកទី ៥ ស្ដីពីកសិកម្ម ទឹក ជនបទ ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៥ ដោយក្រសួងចំនួន៣ រួមមានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអភិវឌ្ឍន៍ជនបទ បានឯកភាពវិភាជថវិកាដែលមាននៅក្នុងក្រសួងរៀងៗខ្លួន សម្រាប់គាំទ្រដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍ លើអាងទឹកអូររំដួល នៃសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ជាតំបន់កសិ-ទេសចរណ៍នេះ។

    ទន្ទឹមនេះ គម្រោងនេះបានចាត់ទុកការចូលរួមចំណែកពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាតួអង្គ គាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ និងក្រសួងទេសចរណ៍ ជាតួអង្គបំពេញបន្ថែមសម្រាប់ការអភិវឌ្ឍជា លក្ខណៈពហុវិស័យដល់សហគមន៍ជនបទ។

    គម្រោងការអភិវឌ្ឍទំនប់អូររំដួលនៃសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ឱ្យក្លាយជាតំបន់កសិ-ទេសចរណ៍ នេះ មានឡើងបន្ទាប់ពីផ្ទះសំណាញ់បន្លែ កើនឡើងដល់១០០ខ្នងទៀត ហើយអាចផ្គត់ផ្គង់បរិមាណភោគផលឡើងដល់៤តោនក្នុងមួយថ្ងៃដល់ទីផ្សារ និងបន្ទាប់ពីការកែលម្អផ្លូវកសិកម្មធ្វើពីបេតុង-កៅស៊ូ មានប្រវែងសរុប ៥,៥គីឡូម៉ែត្រ។

    សូមបញ្ជាក់ថាកសិ-ទេសចរណ៍ជាប្រភេទទេសចរណ៍មួយដែលផ្សារភ្ជាប់ ការធ្វើដំណើរកំសាន្តជាមួយនឹងកសិកម្ម។ តំបន់កសិ-ទេសចរណ៍ គឺជាទីតាំងដែលអ្នកធ្វើដំណើរទៅកសិដ្ឋានឬកន្លែងដែលមានរៀបចំជាទម្រង់បែបកសិកម្មឬចូលរួមក្នុង ដំណើរការកសិកម្មផ្សេងៗក្នុងគោលបំណងដើម្បីលំហែកាយនិងកំសាន្តសប្បាយ។ សកម្មភាពក្នុងកសិ-ទេសចរណ៍ មានដូចជា ការទស្សនាចំការដំណាំ ការប្រមូលផលដំណាំជាមួយកសិករ ការស្ទូចត្រី និងការទស្សនាធម្មជាតិនិងសត្វព្រៃជាដើម។ តំបន់កសិ-ទេសចរណ៍ នេះ បានផ្តល់ផលប្រយោជន៍ដល់ម្ចាស់ចំការនិងកសិដ្ឋានដែលនឹង ទទួលបានប្រាក់ចំណូលបន្ថែមទៀត តាមរយះលក់សំបុត្រចូលទស្សនា និងការលក់ភោគផលកសិកម្មរបស់ខ្លួនជូនដល់ភ្ញៀវទេសចរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: