សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ១០ខែ ឆ្នាំ២០២៥ ពលរដ្ឋច្រើនជាតិសាសន៍ជាង ៥លាននាក់ ធ្វើដំណើរតាមផ្លូវអាកាសចូលកម្ពុជា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងរយៈពេល ១០ខែ នៃឆ្នាំ ២០២៥ នេះ មានប្រជាពលរដ្ឋជាច្រើនជាតិសាសន៍បានធ្វើដំណើរតាមផ្លូវអាកាសចូលមកព្រះរាជាណាចក្រកម្ពុជា ជាង៥លាននាក់។

យោងតាមសារលិខិតក្នុងឱកាសទិវាជាតិអាកាសចរណ៍ស៊ីវិលលើកទី១ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា លទ្ធផលនៃការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល១០ខែ នៃឆ្នាំ ២០២៥ នេះ ព្រះរាជាណាចក្រកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣៥ ដែលកំពុងតភ្ជាប់ជើងហោះហើរជាមួយ ១៦ប្រទេស និង៣៩ទីក្រុង ដោយក្នុងនោះបានតភ្ជាប់ទៅកាន់ក្រុងនិងប្រទេស៨ ក្នុងតំបន់អាស៊ាន ។
សម្តេចធិបតីមានប្រសាសន៍បន្តថា ប្រទេសនិងក្រុងទាំង៨នោះរួមមាន ៖ ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ប្រទេសឥណ្ឌា ប្រទេសកាតា ប្រទេសអេមីរ៉ាតអារ៉ាប់រួម និង ប្រទេសជប៉ុន ។ ក្នុងនោះបានទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង៥លាន៧សែននាក់ ពោលគឺមាន ការកើនឡើង១៤% ធៀបនឹងកំឡុងពេលដូចគ្នានៅឆ្នាំ២០២៤ ដែលមានចំនួនត្រឹមតែ៥លាននាក់។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ទន្ទឹមនឹងការជំរុញការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិ ត្រូវបានពង្រឹងនិងពង្រីកជាលំដាប់ ។
ដោយក្នុងនោះក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ វិស័យអាកាសចរណ៍ស៊ីវិល កម្ពុជា បានសម្រេចដាក់ ដំណើរការ អាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន៣ ក្រោមទឹកប្រាក់វិនិយោគសរុប ៣,៦០០ លានដុល្លារ រួមមាន ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រភេទ 4E ក្រោមទឹកប្រាក់វិនិយោគ ១,១០០លាន ដុល្លារអាមេរិក ដែលបានសម្ពោធដាក់ដំណើរការឆ្នាំ២០២៣ , អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ប្រភេទ 4D ក្រោមទឹកប្រាក់វិនិយោគ ២០០ លានដុល្លារដែលបានសម្ពោធដាក់ដំណើរការឆ្នាំ២០២៤ និងអាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4F និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា ក្រោមទឹកប្រាក់ វិនិយោគ ២,៣០០ លានដុល្លារដែលបានសម្ពោធដាក់ដំណើរកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥៕



ប្រភព៖ ក្រសួងព័ត៌មាន