ព្រឹត្តិការណ៍កីឡារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ ឆ្នាំ២០២៥ មានអ្នកចូលរួមជាង១៦ ០០០នាក់
(សៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ ឆ្នាំ២០២៥ ប្រារព្ធឡើងនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានស្រូបទាញអ្នកចូលរួមជាង១៦ ០០០នាក់ កើនឡើង២៥ភាគរយ ប្រៀបធៀបនិងឆ្នាំ២០២៤កន្លងទៅ ខណៈព្រឹត្តិការណ៍នេះ ទេសចរនឹងទទួលបានអារម្មណ៍រីករាយ ជាមួយប្រាសាទបុរាណ និងទទួលយកនូវថាមពលពីធម្មជាតិដ៏អស្ចារ្យនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.)តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ស្វាគមន៍អត្តពលិកជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ ឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍កីឡាទេសចរណ៍មួយ ដ៏អធិកអធមប្រចាំឆ្នាំ នៅលើទឹកដីអង្គរ។
ឯកឧត្តមបន្តថា ព្រឹត្តិការណ៍កីឡារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ ឆ្នាំ២០២៥នេះ បានស្រូបទាញអ្នកចូលរួម សរុបចំនួន១៦ ០០០នាក់ ពោលគឺកើនឡើង២៥ភាគរយ បើប្រៀបធៀបឆ្នាំ២០២៤។ ក្នុងនោះអត្តពលិកជាតិ ចូលរួមមានចំនួន១២ ៦៣៨នាក់ និងអត្តពលិកអន្តរជាតិ ចំនួន៣៣៦២នាក់ មកពី៨៦ប្រទេស។
ឯកឧត្តមលើកឡើងថា បើទោះបីជាយើងមកពីប្រទេសផ្សេងគ្នា និយាយភាសាខុសគ្នា ក៏ប៉ុន្តែថ្ងៃនេះ យើងនឹងនិយាយភាសាតែមួយ នោះគឺភាសាកីឡា និងភាសានៃមិត្តភាព។ ដោយការចូលរួមរបស់អត្តលិកទាំងអស់ បានគាំទ្រដល់សកម្មភាពសប្បុរសធម៌ ជាពិសេសការចូលរួមជួយទៅដល់ជនរងគ្រោះដោយសាគ្រាប់មីន។
ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍បន្ថែមថា ការណ៍ដែលយើងអាចមកជួបជុំគ្នា រត់ប្រណាំងនៅមុខប្រាសាទបុរាណដ៏អស្ចារ្យនៅពេលនេះ មិនមែនជារឿងចៃដន្យនោះទេ ទាំងនេះបានកើតចេញពីផ្លែផ្កានៃសុខសន្តិភាពពេញលេញ កីឡាបាននាំឱ្យយើងមកជួបជុំគ្នា ប៉ុន្តែសន្តិភាព គឺជាកត្តាដែលអនុញ្ញាតឱ្យយើងមកជួបជុំគ្នា ដូចពាក្យស្លោក កីឡា រស់ក្នុងសន្តិភាព។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដៃគូសហការ ពាក់ព័ន្ធដែលបានខិតខំ រៀបចំព្រឹត្តិការណ៍កីឡានេះ យ៉ាងអធិកអធម ជាមួយនិងអ្នកចូលរួមយ៉ាងច្រើនកុះករ ធ្វើឱ្យប្រជាប្រិយភាពនៃព្រឹត្តិការណ៍នេះ កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕





ប្រភព៖ ក្រសួងព័ត៌មាន