យោធាថៃបា-ញ់ប្រហារចូលភូមិប្រជាពលរដ្ឋ បណ្តាលឱ្យរងរ-បួស និងឆេះផ្ទះសម្បែងជាច្រើនខ្នងទាំងនៅខេត្ត ឧត្តរមានជ័យ និងខេត្ដព្រះវិហារ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា យោធាថៃបាញ់ប្រហារចូលភូមិប្រជាពលរដ្ឋ បណ្តាលឱ្យរងរបួស និងឆេះផ្ទះសម្បែងជាច្រើនខ្នងទាំងនៅខេត្ត ឧត្តរមានជ័យ និងខេត្ដព្រះវិហារ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា អំពើការបាញ់ប្រហាររបស់យោធាថៃនាពេលនេះ ឈានដល់ភូមិរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងខេត្ត ឧត្តរមានជ័យ ខេត្ដព្រះវិហារបានកំពុងបណ្តាលឱ្យពលរដ្ឋស្លូតត្រង់រងរបួសមួយចំនួន ឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង និងធ្វើឱ្យប្រជាពលរដ្ឋក្មេងចាស់ ប្រុស ស្រី ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញទៅរកទីសុវត្ថិភាពបណ្តោះអាសន្នភា្លមៗ។ ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការពារជាតិបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជា» នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបន្តបើកការបាញ់ប្រហារសាជាថ្មីមកលើកងកម្លាំងកម្ពុជា ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទីព្រឹក ការបើកការវាយប្រហារនេះធ្វើឡើង នៅក្នុងតំបន់អានសេះ នៅប្រាសាទតាមាន់ធំ នៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា នៅចំការចេក នៅមុំបី នៅភ្នំខ្មោច នៅគោល៨ នៅប្រាសាទតាក្របី និងនៅប្រាសាទខ្នារ ក្រោយពីភាគីថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាវេលាម៉ោង ២:១៥នាទីរសៀល កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ លោកជំទាវ ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យបានបញ្ជាក់ថា គិតមកត្រឹមម៉ោង ១១:០០នាទីនេះ យោធាថៃនៅបន្តបាញ់ប្រហារមកលើកងទ័ព និងលើទីតាំងជនស៊ីវិលកម្ពុជានៅឡើយ។ កងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
សូមគូសបញ្ជាក់ផងដែរថា ការបើកធ្វើការបាញ់ប្រហាររបស់យោធាថៃលើកនេះ គឺក្រោយពីបានធ្វើសកម្មភាពបង្កហេតុ ជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ជាមួយគ្នានេះ ខាងភាគីថៃបានបញ្ចេញនូវការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់ ទាំងក្នុងបណ្តាញផ្លូវការ និងក្រៅផ្លូវការនូវព័ត៌មានមិនពិត ចោទប្រកាន់ មួលបង្កាច់មកលើកម្ពុជា ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេស ដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ៕

ប្រភព៖ ក្រសួងព័ត៌មាន