មេដឹកនាំរបស់ក្រុងហុងកុងដែលគាំទ្រក្រុងប៉េកាំង នឹងមិនលុបចោលផែនការធ្វើបត្យាប័នទៅចិនដីគោកនោះទេ
មេដឹកនាំគាំទ្រទីក្រុងប៉េកាំងរបស់ក្រុងហុងកុងបាននិយាយកាលពីថ្ងៃចន្ទនេះថា លោកស្រីគ្មានផែនការលុបចោលផែនការចម្រូងចម្រាស ដើម្បីអនុញ្ញាតឱ្យធ្វើបត្យាប័នទៅកាន់ចិនដីគោកនោះទេ ដែលការប្រកាសនេះគឺមួយថ្ងៃបន្ទាប់ពីមានហ្វូងបាតុករដ៏ធំមួយ ចេញមុខមកប្រឆាំងនឹងសំណើនោះ។ ប្រធានប្រតិបត្តិលោកស្រី Carrie Lam បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «នេះគឺជាច្បាប់មួយដ៏សំខាន់ដែលនឹងជួយរក្សាយុត្តិធម៌ ហើយធានាថាហុងកុងនឹងបំពេញកាតព្វកិច្ចអន្តរជាតិ នៅក្នុងលក្ខខណ្ឌនៃឧក្រិដ្ឋកម្មឆ្លងដែន និងហួសព្រំដែន»។

រដ្ឋាភិបាលទីក្រុងហុងកុងកំពុងជំរុញច្បាប់មួយតាមរយៈនីតិប្បញ្ញត្តិ ដែលអនុញ្ញាតឱ្យធ្វើបត្យាប័នទៅកាន់ដែនយុត្តាធិការណាមួយ ដែលមិនទាន់មានសន្ធិសញ្ញាពេញលេញ រួមទាំងចិនដីគោក។ សំណើនេះបានបង្កឱ្យមានការខឹងសម្បារមួយ និងធ្វើឱ្យមានការប្រឆាំងដែលបានធ្វើឱ្យមានការតវ៉ាពេញទីក្រុង។ អ្វីដែលបានចាប់ផ្តើមជាដំបូងឡើយគឺគ្រាន់តែជាការតវ៉ាដោយអហិង្សា តាមរយៈមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ទីក្រុង ហើយបន្ទាប់មកក៏បានក្លាយជាអំពើហឹង្សានៅដើមថ្ងៃចន្ទ ខណៈបាតុកររាប់រយនាក់បានប៉ះទង្គិចជាមួយប៉ូលិស ដោយការបាញ់ម្រេចមុនពេលការប្រឈមមុខដាក់គ្នាបានបញ្ចប់ភ្លាមៗ៕









អត្ថបទ៖ លីដា
ប្រភព៖ CNA