ព័ត៌មានជាតិ

ថ្ងៃនេះខួបលើកទី៣៣ តំបន់រមណីយដ្ឋានអង្គរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

BY
Nisaiy KN
December 14, 2025

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ជាខួបគម្រប់៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ក្នុងបញ្ជីបេតិកភណ្ឌ​ពិភព​​លោករបស់អង្គការយូណេស្កូនៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៤) ក្រោមព្រះរាជតម្រិៈដ៏ថ្លៃថ្លា និងឈ្លាសវៃបំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។នៅក្នុងរមណីយដ្ឋានអង្គរទាំងមូល មានប្រាសាទជិត១០០ ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

សូមជម្រាបថា តំបន់ឧទ្យានអង្គរ មិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរ​ទាំងមូល ក្នុងនោះរួមបញ្ចូលទាំងប្រាសាទបុរាណ ដ្ឋានស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ ដែលមានផ្ទៃក្រឡាសរុប ៤០១គីឡូម៉ែត្រក្រឡា។

តំបន់រមណីយដ្ឋានអង្គរដែលត្រូវបានស្គាល់ទូទាំងសាកល មានប្រាង្គប្រាសាទបុរាណខ្មែរស្ថាបត្យកម្មដ៏មហិមាអស្ចារ្យ ជាច្រើនរាប់រយបូករួមបញ្ចូលទាំងព្រៃឈើចម្រុះនៅជុំវិញផងដែរ។ តំបន់ប្រវត្តិសាស្ត្រនេះជាទីតាំងនៃប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទបាយ័នដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា លើសពីនេះទៅទៀតតំបន់អង្គរក៏បានឆ្លុះ​បញ្ចាំងអំពីជំនឿ ប្រពៃណី ទំនៀមទម្លាប់ សាសនា ក៏ដូចជា សិល្បៈដែលបានចារតាមរយ: ប្រាង្គប្រាសាទ រចនាបថ សិលាចារឹកដែលបង្ហាញឱ្យឃើញអំពីវិសាលភាព ភាពរីកចម្រើន នៃវប្បធម៌ អរិយធម៌ខ្មែរដ៏ល្អផូផង់តាំង​ពីយូរលង់​ណាស់​មកហើយ។

គួររំលឹកថា បន្ទាប់ពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សន្និសីទអន្តរជាតិមួយ​បានប្រារព្ធ ធ្វើឡើងនៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី ១២-១៣ ខែតុលាឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើមគំនិតរបស់​រាជរដ្ឋាភិបាល​ជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូ ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាព​នានា ជាប្រយោជន៍ដល់កិច្ចការ ពារអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីសម្រេចគោលដៅនេះ គណៈកម្មាធិការ​សម្របសម្រួលអន្តរជាតិហៅកាត់ ថា អាយ ស៊ី ស៊ី អង្គរ ត្រូវបានបង្កើតឡើងនាខែធ្នូ ឆ្នាំ១៩៩៣៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: