ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតត្រឹមវេលាម៉ោង៦ល្ងាចថ្ងៃទី ២២ ខែធ្នូនេះ ពលរដ្ឋកម្ពុជាចំនួន ២១នាក់ បានបាត់បង់ជីវិត និងមានអ្នករងរបួសបានកើនឡើងចំនួន ៨៣នាក់ ក្រោយពីការវាយប្រហរដោយយោធាថៃ

BY
soknita
December 23, 2025

យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា រហូតមកដល់ព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ យោធាថៃនៅតែបន្តការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជានៅឡើយ ដែលការបាញ់ប្រហារនេះមិនរើសមុខថាជាទីតាំងយោធា ឬជាទីតាំងជនស៊ីវិលរបស់កម្ពុជាសោះឡើយ ហើយរហូតមកដល់ពេលនេះពលរដ្ឋស្លូតត្រង់របស់កម្ពុជាចំនួន២១នាក់ហើយបានស្លាប់ ក្នុងនោះមានទារកម្នាក់ផងដែរ ខណៈអ្នករងរបួសបានកើនឡើងចំនួន៨៣នាក់។ នេះគឺជាតួលេខគិតត្រឹមវេលាម៉ោង៦ល្ងាចថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិយ៉ាងដូច្នេះ ក្នុងឱកាសនៃការធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីយោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើអធិតេយ្យ និងបូរណភាពដែនដីកម្ពុជា នាព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥។

លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិបានបន្តថា យោធាថៃបានប្រើប្រាស់នូវសព្វាវុធធុនធ្ងន់ដែល មានសមត្ថភាពក្នុងការបំផ្លិចបំផ្លាញខ្ពស់គ្រប់ប្រភេទ រួមទាំងការប្រើប្រាស់យន្តហោះចម្បាំង F-16 រថយន្ត បាញ់រ៉ុក្កែត DTI-2 ដ្រូនទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម ផ្សែងពុល និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលប់ ដើម្បីទន្ទ្រានយកទឹកដីរបស់កម្ពុជា ដែលវាជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែត និងមិនអាចប្រកែកបានចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា សកម្មភាពដែលគ្មានទំនួលខុសត្រូវ និងខុសច្បាប់បែបនេះបានបង្កជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរមិនត្រឹមតែសម្រាប់សន្តិភាព ស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តាលឱ្យប៉ះពាល់ទៅដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិថែមទៀតផង។ ក្នុងន័យនេះកម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានទៅលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ រួមនឹងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមរបស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។

លោកជំទាវបានបន្ថែមថា កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់នូវរាល់សកម្មភាពអរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគម្រាមកំហែងដល់ ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់ ហើយកម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងការអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា និងថៃប្រកបដោយសុឆន្ទៈ និងទំនួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយដោយយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

Share This Post: