គិតតែដើរផឹកស៊ីមិនជួយធ្វើការ ប្រពន្ធខឹងចាក់សាំងដុតប្តីទាំងរស់តែម្តង
ភ្នំពេញ ៖ ស្ត្រីម្នាក់ខឹងប្តីមិនប្រឹងជួយធ្វើការ ឧស្សាហ៍យកលុយទៅផឹកស៊ី បានបង្ហូរសាំងពីម៉ូតូដាក់ដបយកទៅស្រោចពីលើ រួចដុតបណ្តាលឲ្យឆេះរងរបួសធ្ងន់ ខណៈបុរសជាប្តីកំពុងផឹកស៊ីជាមួយមិត្តភក្តិ ។ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២២និង២០នាទី ត្រង់ចំណុចរោងស្នាក់នៅ ការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ដែន វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងហួត ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែក ជនដៃដល់ត្រូវជាប្រពន្ធឈ្មោះ រ៉ន សុភា ហៅ ធារ៉ា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងហួត ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ និងនាំខ្លួនស្ត្រីជាប្រពន្ធយកមកសាកសួរ ។
វត្ថុតាងចាប់យកៈ ដបទឹកសុទ្ធដាក់សាំងចំនួន០១ និងដែកកេះពណ៌ស្វាយចំនួន០១ ។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានសារភាពថា រូបគេពិតជាបានប្រព្រឹត្តនូវអំពើខាងលើប្រាកដមែន ដោយសារបុរសជាប្តីតែងតែយកលុយដែលធ្វើការបានទៅផឹកស៊ី និងទិញថ្នាំញៀនជក់ ព្រមទាំងប្រើអំពើហិង្សាមកលើខ្លួន និងឪពុកបង្កើតរបស់ខ្លួនទៀតផង ហើយពេលជនសង្ស័យនិយាយណែនាំ កុំអោយជក់ថ្នាំញៀន ជនរងគ្រោះមិនស្តាប់តាមឡើយ ហើយបានដើរផឹកស៊ីមិនចូលកន្លែងដេក ។ ពេលគាត់ស្តីបន្ទោសបន្តិចបន្ទួច ជនរងគ្រោះបានយកខោអាវទៅដេកកន្លែងផ្សេង ទើបធ្វើឲ្យខ្លួនធ្វើបែបនេះតែម្តង ។ ករណីនេះ កម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ