ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមហាផ្ទៃ៖ ជនភៀសសឹកបានវិលត្រឡប់ទៅលំនៅឋានវិញប្រមាណ១០ម៉ឺននាក់ក្រោយស្ថានភាពបទឈប់បាញ់បានអនុវត្ត

    BY SOMATEY January 2, 2026
    ក្រសួងមហាផ្ទៃ៖ ជនភៀសសឹកបានវិលត្រឡប់ទៅលំនៅឋានវិញប្រមាណ១០ម៉ឺននាក់ក្រោយស្ថានភាពបទឈប់បាញ់បានអនុវត្ត

    ក្រសួងមហាផ្ទៃបានឲ្យដឹងថាជនភៀសសឹកប្រមាណ១០ម៉ឺននាក់បានវិលត្រឡប់ទៅលំនៅឋានវិញក្រោយបទឈប់បាញ់បានអនុវត្តមក គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃបានលើកឡើងថា គិតចាប់ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ វីរយុទ្ធជនកម្ពុជា និងយោធាថៃ បាន បន្តអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅឋានវិញជាបណ្តើរៗ ជា ពិសេសវីរកងទ័ពទាំង១៨រូប បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ស្របតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំ ពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

    ក្រសួងបានឲ្យដឹងថាស្ថានភាពពលរដ្ឋភៀសសឹកបើគិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាចថ្ងៃទី១ខែមករា មានជនភៀសសឹក ១០៣.១៧៧នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៤០៩.១៨៦នាក់ ក្នុងនោះស្ត្រី ២១៤.៥២៥នាក់ និងកុមារ១៣១.៤១៣នាក់។

    ក្រសួងក៏បានលើកឡើងថាការបន្តបិទផ្អាក និងការដំណើរការឡើងវិញសេវាសាធារណៈជាមូលដ្ឋាននៅខេត្តបន្ទាយមានជ័យ មាន សាលារៀន៣២១ (រដ្ឋ២៣៧ ឯកជន៨៤) និងមន្ទីរពេទ្យ/មណ្ឌលសុខភាព៧ បន្តបិទផ្អាក ខណៈសាលារៀន៩ មន្ទីរពេទ្យ/មណ្ឌលសុខភាព១៥ និងរដ្ឋបាលនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ បានដំណើរការឡើងវិញ។ ខេត្ត ព្រះវិហារ មានសាលារៀន៦១ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ នៅបន្តបិទផ្អាក ខណៈរដ្ឋបាលនៅថ្នាក់ស្រុក១ និង ឃុំចំនួន៦ បានដំណើរការឡើងវិញ។ ខេត្តឧត្តរមានជ័យ មានសាលារៀន២១២ មន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ រដ្ឋបាលនៅថ្នាក់ខេត្ត១ ក្រុង-ស្រុក២ ឃុំ-សង្កាត់៩ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១ បានបន្តបិទផ្អាក ខណៈសាលារៀន៤៨ មន្ទីរពេទ្យ/មណ្ឌលសុខភាព៨ រដ្ឋបាលស្រុក៤ អង្គភាពកងកម្លាំងមានសមត្ថកិច្ច១០ រដ្ឋបាលឃុំ១៨ និងប៉ុស្តិ៍នគរបាល រដ្ឋបាល២៣ បានដំណើរការឡើងវិញ។ ចំពោះ ខេត្តកោះកុង មានសាលារៀន៦២ បានបើកដំណើរការឡើងវិញ ក្នុង ចំណោមសាលារៀន៦៦ ដែលបានបិទផ្អាក។

    ក្រសួងមហាផ្ទៃបានឲ្យដឹងទៀតថាផលប៉ះពាល់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តត ចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលគ្មានថ្មីនោះទេ។ ដូច្នេះ បើគិតចាប់ពីថ្ងៃទី៧ ខែធ្នូមក ការខូចខាតទ្រព្យសម្បត្តិឯកជន សរុប រួមមាន ផ្ទះ២៧៧ខ្នង អគារស៊ីវិលឯកជន៧ អគារស្នាក់នៅ/សណ្ឋាគារ៥ ស្ថានីយ៍ ប្រេង១ រថយន្ត៣៣គ្រឿង ម៉ូតូ១គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ២ ជង្រុកស្រូវ១ និងសត្វពាហនៈ/សត្វព្រៃ២ក្បាល។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុប រួមមាន សាលារៀន១២ មណ្ឌលសុខភាព២ សំណង់អគារ១៧ វត្តអារាម៥ សាលាឆទាន១ រូបសំណាក១ រថយន្ត១គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៣ និងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង។

    កិច្ចអន្តរាគមន៍រៀបចំផ្ទះសំបែង និងភូមិករពលរដ្ឋភៀសសឹកនៅខេត្តឧត្តរមានជ័យ មានពលរដ្ឋ២០.៥១៧ គ្រួសារ ស្មើនឹងមនុស្សចំនួន៧៣.៣៩៦នាក់ បានវិលចូលរស់នៅក្នុងផ្ទះសំបែងឡើងវិញ មានភូមិចំនួន៨៤ពុំទាន់អាច ឱ្យពលរដ្ឋចូលទៅរស់នៅបាន និងភូមិចំនួន១៧២ទៀត ត្រូវបានអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធចុះរៀបចំផ្ទះសំបែងជូន ពលរដ្ឋរួចរាល់។ ខេត្តបន្ទាយមានជ័យ មានពលរដ្ឋចំនួន៣០.១៣២គ្រួសារ ស្មើនឹងមនុស្សចំនួន១១៣.៨៦៩នាក់ និងខេត្តព្រះវិហារ មានពលរដ្ឋ៥.១៤៧គ្រួសារ ស្មើនឹងមនុស្សចំនួន១៤.៤២០នាក់ បានវិលចូលរស់នៅក្នុងផ្ទះសំបែង ឡើងវិញ។

    ជារួម ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលខេត្ត ក្រុង ស្រុក និង ឃុំ-សង្កាត់ បានកំពុងបន្តយកចិត្តទុកដាក់ពិនិត្យ និងដោះស្រាយកិច្ចការអាទិភាពជាច្រើនទៀត ដើម្បីធានាការវិលមក រកប្រក្រតីភាព នៃសេវាសាធារណៈជាមូលដ្ឋាននៅតាមបណ្តាក្រុង ស្រុក និងឃុំ-សង្កាត់ ជាពិសេសក្នុងខេត្តជាប់ព្រំដែន ដែលបានបិទផ្អាកក្នុងរយៈកាលកន្លងមក។ ជាមួយគ្នានេះ ក៏បាននិងកំពុងខិតខំបង្កលក្ខណៈជូនជនភៀសសឹកឆាប់ បានវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយសុវត្ថិភាព។ ក្នុងនោះរួមទាំងការដោះស្រាយបញ្ហាចំពោះមុខសម្រាប់ ផ្ទះសំបែង និងភូមិករពលរដ្ឋដែលរងការខូចខាត ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទន្ទឹមនឹងការពិនិត្យនិងបន្ត ហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) គ្រប់ទីកន្លែង គ្រប់ពេលវេលា រហូតដល់មានការណែនាំថ្មី។

    ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមគាំទ្រជំហរដ៏មោះមុត និងច្បាស់លាស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានគូសបញ្ជាក់ថា ការអនុវត្តបទឈប់បាញ់ មិនមែនជាការចុះចាញ់ ឬយកបូរណភាពទឹកដី និង អធិបតេយ្យជាតិ ទៅដោះដូរយកសន្តិភាពនោះឡើយ ដោយសង្កត់ធ្ងន់ថា ខ្សែបន្ទាត់ព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ នៅតែកំណត់ដោយសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិមានស្រាប់ ដែលកម្ពុជានៅតែរក្សាបានសិទ្ធិពេញលេញក្នុងការ ដោះស្រាយបញ្ហាព្រំដែនអនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងយន្តការទ្វេភាគីជាធរមាន ទាំងឡាយ។

    ក្រសួងមហាផ្ទៃក៏សូមជនរួមជាតិ ជឿជាក់លើរាជរដ្ឋាភិបាល ដោយរួបរួមស្មារតីជាតិខ្មែរតែមួយ ចៀសវាងចាញ់ឧបាយកលឃោសនា ញុះញង់ពីក្រុមជ្រុលនិយមណាមួយ ធ្វើឱ្យប៉ះពាល់ដល់យុទ្ធសាស្ត្រ “ស្ងាត់តែមិនស្ងៀម» ដោយសន្តិវិធី តាមផ្លូវច្បាប់ និងការទូត។ ជាក់ស្តែង យុទ្ធសាស្ត្រ “ស្ងាត់តែមិនស្ងៀម» បាននាំមកនូវការធ្វើមាតុភូមិនិវត្តន៍នៃវីរកងទ័ពកម្ពុជាទាំង ១៨រូប ប្រកបដោយមោទកភាព ដែលក្រសួងមហាផ្ទៃមានក្តីស្ញប់ស្ញែងយ៉ាងក្រៃលែងបំផុត ទាំងមាគ៌ាដឹកនាំរបស់ រាជរដ្ឋាភិបាល និងសន្ទុះមនសិការជាតិរបស់ប្រជាពលរដ្ឋ ពេលទទួលស្វាគមន៍ដំណើរត្រឡប់របស់វីរកងទ័ព ដូច សម្តេច តេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្នុងពិធីជួបសំណេះសំណាលវីរកងទ័ពទាំង១៨រូប នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ អំពីអត្ថន័យកម្លាំងមហាសាមគ្គីជាតិ ដែលកាន់តែផុសខ្ពស់ត្រដែតចេញពីកូនខ្មែរគ្រប់ទិសទី។

    ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមគោរពថ្លែងអំណរគុណ និងគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះ សម្តេច តេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញយុទ្ធសាស្រ្តការពារជាតិយ៉ាងត្រឹមត្រូវ ធ្វើឱ្យ ប្រជាជនកម្ពុជា ទាំងក្នុង និងក្រៅប្រទេស កាន់តែទទួលបានអារម្មណ៍កក់ក្តៅ ដែលមានប្រតិបត្តិករ គឺវីរយុទ្ធជនជួរមុខ ឈរជើងយ៉ាងរឹងមាំអង់អាចជាជ័យ រយៈពេល២០យប់ ២១ថ្ងៃ ការពារអធិបតេយ្យជាតិ និងប្រជាជន៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: