ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សូមប្រុងប្រយ័ត្ន!! រហូតមកដល់ពេលនេះជំងឺគ្រុនផ្តាសាយជ្រូកអាហ្រ្វិកបានរាតត្បាតខេត្តចំនួន ៥៥ នៅវៀតណាម

    BY autoadmin June 12, 2019
    សូមប្រុងប្រយ័ត្ន!! រហូតមកដល់ពេលនេះជំងឺគ្រុនផ្តាសាយជ្រូកអាហ្រ្វិកបានរាតត្បាតខេត្តចំនួន ៥៥ នៅវៀតណាម

    ទីក្រុងហូជីមិញដែលជាទីក្រុងធំបំផុតរបស់វៀតណាមបានប្រកាសថា ជំងឺគ្រុនផ្តាសាយជ្រូកអាហ្រ្វិកជាលើកដំបូងបានឆ្លងចូលមកដល់ហើយ ដែលមានន័យថា ខេត្ត ៥៥ ក្នុងចំណោម ៦៣ របស់វៀតណាមត្រូវបានឆ្លង។ សត្វជ្រូកដែលមានជំងឺមិនអាចព្យាបាលឱ្យជានេះ ត្រូវបានគេរកឃើញនៅកសិដ្ឋានមួយ នៅស្រុកលេខ ៩ ។ នេះបើតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទទីក្រុងហូជីមិញបានប្រកាសកាលពីថ្ងៃអង្គារ។

    លោក Nguyen Phuoc Trung ប្រធាននាយកដ្ឋានបាននិយាយថា ម្ចាស់កសិដ្ឋានបានចិញ្ចឹមជ្រូកជាមួយអាហារដែលនៅសល់ពីភោជនីយដ្ឋាន ដែលនេះបង្ហាញថា អាចជាមូលហេតុនៃការឆ្លងមេរោគនេះ។ មន្រ្តីបាននិយាយថា ជ្រូកចំនួនជាង ១៦០ក្បាល នៅក្នុងកសិដ្ឋាននេះត្រូវបានគេសម្លាប់ចោល ហើយការផ្ទុះឡើងនៃជំងឺនេះស្ថិតក្រោមការគ្រប់គ្រង។ ស្រុកលេខ ៩ ជាប់ព្រំដែនជាមួយខេត្តដុនណៃ និងជាខេត្តកសិកម្មជ្រូកធំបំផុតរបស់ប្រទេស ដែលត្រូវបានឆ្លងដោយគ្រុនជ្រូកអាហ្រ្វិកកាលពីខែមុន។

    ខណៈដែលទីក្រុងហូជីមិញក៏ត្រូវទទួលរងនូវជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិកនេះ ចំនួនខេត្ត និងក្រុង ដែលរងការប៉ះពាល់នៅវៀតណាមបានកើនឡើងដល់ ៥៥ ក្នុងចំណោម ៦៣ ក្នុងនោះមានទីក្រុងសំខាន់ៗចំនួន ៤ គឺទីក្រុងហាណូយ, ក្រុង Hai Phong, ក្រុង Can Tho និងក្រុង Da Nang ។ គួរឱ្យដឹងផងដែរថា ចាប់តាំងពីមានការផ្ទុះឡើងនេះ វៀតណាមបានសម្លាប់ជ្រូកមានជំងឺរហូតដល់ ២.៤៥ លានក្បាល និងខាតបង់ជាទឹកប្រាក់ប្រមាណ ១៥៤,០០០,០០០ ដុល្លារអាមេរិក៕

    អត្ថបទ៖ លីដា
    ប្រភព៖ vnexpress

    Share This Post: