ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ១៦រូប ចាប់ផ្តើមចេញដំណើរ​ទៅ​ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦

    BY SOMATEY January 16, 2026
    ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ១៦រូប ចាប់ផ្តើមចេញដំណើរ​ទៅ​ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦

    នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ប្រតិភូនាវាយុវជនអាស៊ី​អាគ្នេយ៍​​កម្ពុជា ចំនួន១៦រូប តំណាងកម្ពុជា បានចេញដំណើរ​ទៅ​ចូល​រួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ហៅកាត់​ថា SSEAYP លើកទី៤៩ ឆ្នាំ២០២៦ បន្ទាប់ពីឆ្លងកាត់កម្មវិធីបណ្តុះ​បណ្តាល​មុនចេញដំណើរអស់រយៈពេល៩៥ថ្ងៃ។

    លោកជំទាវ អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍​កម្ពុជា អាណត្តិទី១០ សាទរចំពោះប្រតិភូយុវជនទាំង១៦រូប ដែល​បាន​ឆ្លងកាត់ការជ្រើសរើសប្រកបដោយតម្លាភាព សុក្រឹត្យភាព និងយុត្តិធម៌ រហូតទទួលបានសេចក្តីសម្រេចពីអគ្គនាយក​ដ្ឋាន​យុវជន ដឹកនាំដោយ លោកជំទាវ ស្រូយ សុជាតិ ជ្រើសរើសជា «យុវជន​តំណាងកម្ពុជា» ចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦។

    លោកជំទាវ អ៊ឹម រចនា មានប្រសាសន៍បន្ថែមថា ក្នុងរយៈពេល​៩៥ថ្ងៃ ពីថ្ងៃចាប់ផ្តើម ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ រហួតដល់ថ្ងៃបិទ​បញ្ចប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ គណៈកម្មការដឹកនាំវគ្គបណ្តុះ​បណ្តាល បានស្ម័គ្រចិត្តចំណាយអស់ហើយ ទាំងពេលវេលា កម្លាំង​កាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ហាត់ពត់ លត់ដំ និងដុះខាត់ប្អូនៗ ក្នុងគោលដៅធ្វើយ៉ាងណាឱ្យប្អូនៗប្រតិភូយុវជនមានចំណេះដឹង និងបទពិសោធន៍ ជាពិសេសជំនាញទន់ ដែលត្រូវការជាចាំបាច់​សម្រាប់​ប្រាស្រ័យទាក់ទង និងចូលរួមសកម្មភាពលើកប៉ាល់ និយាយ​ដោយឡែក និងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ និយាយជារួម។

    លោកជំទាវប្រធានសមាគម សូមថ្លែងអំណរគុណដល់​គណៈ​កម្មការ​ដឹកនាំវគ្គបណ្តុះបណ្តាលមុនចេញដំណើរ ដែលបានដឹកនាំ និងអនុវត្តការងាររបស់ខ្លួនប្រកបដោយឆន្ទៈមុះមុត និងការលះបង់​ខ្ពស់បំផុត បើទោះជាការងារបណ្តុះបណ្តាលប្អូនៗនេះ ជាការងារ​ស្ម័គ្រចិត្ត ពុំទទួលបានប្រាក់កម្រៃ និងនឿយហត់ខ្លាំងក៏ដោយ។

    ទន្ទឹមគ្នានេះ លោកជំទាវ អ៊ឹម រចនា ក៏សូមថ្លែងអំណរគុណដល់ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយក​ដ្ឋានយុវជន​កម្ពុជា ដែលបានចូលរួមនៅក្នុងដំណើរការជ្រើសរើស​ប្រតិភូយុវជន​សម្រាប់កម្មវិធី SSEAYP លើកទី៤៩ តាំងពីដើមរហូតមក ហើយនិង​អរគុណចំពោះអតីតប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា​គ្រប់ជំនាន់ ដែលតែងតែផ្តល់ការគាំទ្រ ការស្វាគមន៍ និងការឆ្លើយ​តប​យ៉ាងកក់ក្តៅចំពោះសំណើរនានាពីសមាគម។

    ជាទីបញ្ចប់ លោកជំទាវប្រធានសមាគម សង្ឃឹមយ៉ាងមុតមាំថា ប្អូនៗប្រតិភូទាំង១៦រូប ដែលដឹកនាំដោយប្រធានប្រតិភូ លោក អ៊ួន បឋម ហៅ សាយ នឹងបង្ហាញទៅកាន់យុវជនមកពីប្រទេស​សមាជិក​អាស៊ាន និងប្រទេសជប៉ុន ឱ្យដឹងថាប្រតិភូយុវជនកម្ពុជា មាន​សមត្ថភាព និងសក្ដានុពល និងជាពិសេស មានសុជីវធម៌ សីលធម៌​ គុណធម៌ មិនចាញ់យុវជនមកពីបណ្ដាប្រទេសផ្សេងៗឡើយ។

    សូមជម្រាបថា ប្រតិភូយុវជនកម្ពុជាទាំង ១៦រូប ដឹកនាំដោយ​ប្រធាន​ប្រតិភូ ១រូប នឹងចាប់ផ្ដើមចូលរួមកម្មវិធីនាវាយុវជន​អាស៊ីអាគ្នេយ៍​និងជប៉ុន​ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន និងបន្តដំណើរតាមកប៉ាល់ចេញពីប្រទេសជប៉ុនទៅកាន់ប្រទេសសិង្ហ​បុរី​ មុននឹងធ្វើមាតុភូមិនិវត្តន៍វិញ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦៕

    ប្រភព ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post: