ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា
ភ្នំពេញ – ថ្ងៃទី 5 ខែកុម្ភៈ ឆ្នាំ 2026 — ថ្ងៃនេះក្រុមហ៊ុន ASUS បានប្រកាសសម្ពោធជាផ្លូវការនូវ Zenbook 14 (UM3406GA) ស៊េរីថ្មី ដែលជាឡេបថបកម្រិត Premium ដំណើរការដោយបច្ចេកវិទ្យា AI ដែលនឹងមកផ្លាស់ប្តូរនិយមន័យនៃផលិតភាពការងារបែបចល័ត។ ក្នុងនាមជាកំពូលឡេបថបនៅក្នុងត្រកូល ASUS AI PC ថ្មី Zenbook 14 បានរួមបញ្ចូលគ្នានូវការរចនាដ៏ស៊ីវិល័យ ជាមួយនឹងបន្ទះឈីបដ៏ទំនើបចុងក្រោយគឺ AMD Ryzen™ AI 7 445។ ទន្ទឹមនឹងការដាក់សម្ពោធនេះដែរ ASUS ក៏បានបង្ហាញនូវ Vivobook S16 (M3607GA) ដែលផ្តល់នូវសមត្ថភាព AI ខ្លាំងក្លាដូចគ្នា នៅលើអេក្រង់ធំទំហំ 16 inch សម្រាប់អ្នកប្រើប្រាស់ដែលផ្តល់អាទិភាពលើផ្ទៃអេក្រង់ធំទូលាយ។
ភាពវៃឆ្លាតកម្រិត Premium ក្នុងគ្រប់ចំណុច
Zenbook 14 ត្រូវបានបង្កើតឡើងសម្រាប់សមត្ថភាពការងារដ៏ខ្លាំងក្លា និងភាពងាយស្រួលក្នុងការដាក់តាមខ្លួន។ បេះដូងនៃម៉ាស៊ីននេះគឺបន្ទះឈីប AMD Ryzen™ AI 7 445 ដែលបំពាក់មកជាមួយ AMD XDNA™ NPU ដែលមានកម្លាំងរហូតដល់ 50 TOPS។ ម៉ាស៊ីន AI ជំនាញនេះជួយឱ្យ Zenbook អាចចាត់ចែងកិច្ចការកម្រិតខ្ពស់បានយ៉ាងរលូន ដូចជាមុខងារកាត់បន្ថយសំឡេងរំខានដោយ AI (AI noise cancellation) ការគ្រប់គ្រងទិន្នន័យវៃឆ្លាតតាមរយៈ StoryCube និងការពង្រឹងល្បឿនមុខងារ Windows Copilot ជាដើម។

ត្រូវបានរចនាឡើងដើម្បីក្លាយជាដៃគូដ៏ល្អបំផុតរបស់អ្នក Zenbook 14 បំពាក់មកជាមួយកម្លាំងថ្មទំហំ 75Wh ដែលអាចប្រើប្រាស់បានរហូតដល់ 25 ម៉ោង។ ទោះបីជាមានកម្លាំងខ្លាំងយ៉ាងណាក៏ដោយ ឡេបថបនេះមានកម្រាស់ស្តើងបំផុតត្រឹមតែ 14.9 mm និងមានទម្ងន់ត្រឹមតែ 1.2 kg ប៉ុណ្ណោះ ដែលស័ក្តិសមឥតខ្ចោះសម្រាប់រចនាបថជីវិតការងារបែបអាជីព។

ការកម្សាន្តកាន់តែជក់ចិត្ត និងសុវត្ថិភាពខ្ពស់
រូបភាពនៅលើ Zenbook 14 ពិតជាអស្ចារ្យបំផុតជាមួយនឹងអេក្រង់ 3K 120Hz ASUS Lumina OLED។ ជាមួយនឹងកម្រិតពន្លឺខ្ពស់បំផុត 600 nits និងកម្រិតពណ៌ 100% DCI-P3 វាផ្តល់នូវភាពត្រឹមត្រូវនៃពណ៌កម្រិតអាជីព។ ផ្នែកសុវត្ថិភាពក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ផងដែរ ដោយប្រើប្រាស់កាមេរ៉ា FHD IR សម្រាប់ការស្កេនមុខចូលប្រើតាមរយៈ Windows Hello មានរនាំងបិទកាមេរ៉ា (physical privacy shutter) និងបន្ទះឈីបសុវត្ថិភាព Microsoft Pluton ដើម្បីការពារទិន្នន័យសំខាន់ៗរបស់អ្នក។

ASUS Vivobook S16: ជម្រើស AI ជាមួយអេក្រង់ធំ
សម្រាប់អ្នកប្រើប្រាស់ដែលចង់បានសមត្ថភាព AI ខ្លាំងក្លាដូចគ្នាលើផ្ទៃអេក្រង់ធំ ASUS ក៏បានណែនាំនូវ Vivobook S16 (M3607GA)។ ម៉ូឌែលនេះគឺស័ក្តិសមបំផុតសម្រាប់ការធ្វើការងារច្រើនក្នុងពេលតែមួយ (multitasking) និងការកម្សាន្ត ដោយវាបំពាក់អេក្រង់ទំហំ 16-inch WUXGA OLED ដែលមានផ្ទៃអេក្រង់ធៀបនឹងតួខ្លួនរហូតដល់ 89%។ ដោយប្រើប្រាស់បន្ទះឈីប AMD Ryzen™ AI 7 445 ដូចគ្នា វាបាននាំយកប្រសិទ្ធភាពការងារដែលជំរុញដោយ AI ទៅកាន់អ្នកប្រើប្រាស់កាន់តែទូលំទូលាយ។ ជាមួយនឹងកម្លាំងថ្ម 70Wh តួខ្លួនស្តើងត្រឹម 1.59 cm និងក្តារចុច ErgoSense វាគឺជាម៉ូឌែលដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលត្រូវការអេក្រង់ធំដោយមិនចង់បោះបង់នូវសមត្ថភាព AI។
ទំនុកចិត្តខ្ពស់ជាមួយការធានា ASUS 4A Guarantee
ដើម្បីធានានូវបទពិសោធន៍ប្រើប្រាស់ដោយគ្មានការព្រួយបារម្ភ ទាំង Zenbook 14 និង Vivobook S16 សុទ្ធតែទទួលបានការគាំទ្រដោយសេវាកម្ម ASUS 4A Guarantee ដ៏ទូលំទូលាយ។ នេះរួមបញ្ចូលទាំងការធានាអន្តរជាតិរយៈពេល 2 ឆ្នាំ (2-year International Warranty) និងការធានាពិសេស ASUS Perfect Warranty រយៈពេល 1 ឆ្នាំ។ Perfect Warranty ផ្តល់នូវការការពារលើការខូចខាតដែលកើតឡើងដោយចៃដន្យនៅក្នុងឆ្នាំដំបូង ដែលជាទូទៅមិនមានគ្របដណ្តប់នៅក្នុងការធានាស្តង់ដារពីរោងចក្រឡើយ ដូចជាការកំពប់ទឹកលើម៉ាស៊ីន ការឆ្លងចរន្តអគ្គិសនី ការធ្លាក់ ឬការបែកបាក់ដោយអចេតនា។ ជាមួយនឹងសេវាកម្មបន្ថែមនេះ ASUS នឹងជួយរ៉ាប់រងចំណាយលើគ្រឿងបន្លាស់រហូតដល់ 80% សម្រាប់ការទាមទារសំណងការខូចខាតដោយចៃដន្យ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បន្តផលិតភាពការងាររបស់ពួកគេដោយមិនចាំបាច់រ៉ាប់រងទាំងស្រុងលើចំណាយជួសជុលដែលមិនបានរំពឹងទុក។
សម្រាប់ព័ត៌មានបន្ថែម
ASUS Zenbook 14: https://kh.asus.click/zenbook-14-oled
ASUS Vivobook S16: https://kh.asus.click/asus-s16
ASUS Perfect Warranty: https://kh.asus.click/APW