គួរឱ្យរំភើបចិត្តបំផុត! គូស្នេហ៍វ័យចំណាស់នេះបានជួបជុំគ្នាសារជាថ្មី ក្រោយបែកគ្នាតាំងពីសង្គ្រាមលោកលើកទី២
ប្រភព BBC បានរៀបរាប់ថា កាលពី ឆ្នាំ១៩៤៤ លោកតា KT Robbins បានឈរជើងជាមួយកងវរសេនាធំរបស់គាត់ នៅតំបន់ Briey ភាគខាងកើតប្រទេសបារាំង ហើយវាជាទីកន្លែងដែលគាត់បានលង់ស្រឡាញ់នារីជនជាតិបារាំង អាយុ ១៨ឆ្នាំ ឈ្មោះ Jeannine Pierson née Ganaye។ ពីរខែក្រោយមក គាត់ត្រូវចាកចេញពីភូមិយ៉ាងប្រញាប់ប្រញាល់ដើម្បីទៅសមរភូមិខាងមុខ ហើយកាលនោះផងដែរវាបានធ្វើឱ្យអ្នកទាំង ២ ឆ្ងល់ថា តើពួកគេនឹងអាចមាននិស្ស័យជួបគ្នាម្ដងទៀតបាន ឬយ៉ាងណា។

លោកតាបានរក្សារូបថតរបស់លោកយាយ Jeannine ហើយក៏បានបង្ហាញរូបនោះដល់អ្នកសារព័ត៌មានមកពីវិទ្យុបារាំង France 2 នៅចំពេលដែលពួកគេកំពុងថតរបាយការណ៍ស្តីពីអតីតយុទ្ធជននៅសហរដ្ឋអាមេរិក។ ហើយប៉ុន្មានសប្តាហ៍ក្រោយមកគាត់បានទៅលេងប្រទេសបារាំង សម្រាប់ពិធីបុណ្យរំឭកខួបលើក ទី៧៥ «D-Day landings» ដែលជាថ្ងៃសំខាន់បំផុតកាលពីសម័យសង្គ្រាមលោកលើកទី២ ពោលគឺវាសំដៅទៅលើថ្ងៃដែលកងកម្លាំងសម្ព័ន្ធមិត្តបានលុកលុយទ្វីបអ៊ឺរ៉ុបនៅសមរភូមិ Normandy ដើម្បីផ្ដួលអាល្លឺម៉ង់។ ហើយអ្វីដែលធ្វើឱ្យលោកតា KT Robbins មានការភ្ញាក់ផ្អើលគឺថា អ្នកសារព័ត៌មានទាំងនោះបានស្វែងរកលោកយាយ Jeannine ទាល់តែឃើញ ហើយអ្នកទាំងពីរក៏បានជួបគ្នាម្តងទៀត៕






អត្ថបទ៖ លីដា