ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ករណីបន្លំប្រើប្រាស់ឈ្មោះ និងរូបភាពថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ
(ភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ករណីបន្លំប្រើប្រាស់ឈ្មោះ និងរូបភាពថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។

ក្រុមអ្នកនាំពាក្យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន អាជ្ញាធរមានសមត្ថកិច្ច និងបណ្ដាញសារព័ត៌មាន មេត្តាជ្រាបថា៖ កន្លងទៅនេះ មានក្រុមជនខិលខូចបានបង្កើតក្រុម Telegram ឈ្មោះ «OCIC ក្រុមហ៊ុនវិនិយោគ» និងឈ្មោះប្រហាក់ប្រហែល ក្នុងគោលបំណងបញ្ចុះបញ្ចូលប្រជាពលរដ្ឋឱ្យចូលក្នុងអន្ទាក់នៃការឆបោក។
ក្រុមនេះបានយករូបភាព និងឈ្មោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល បុគ្គលល្បីៗ និងអ្នកប្រើប្រាស់បណ្តាញសង្គមដោយគ្មានការអនុញ្ញាត ទៅបង្កើតគណនីក្លែងក្លាយសម្រាប់គាំទ្រសកម្មភាពប្រព្រឹត្តិបទល្មើសរបស់ខ្លួន។
គណនីទាំងនោះ បានបង្កើតសេណារីយ៉ូប្រឌិតផ្សព្វផ្សាយរូបភាព ប្រតិបត្តិការធនាគារ ក្រដាស់ប្រាក់ គ្រឿងអលង្ការ និងសកម្មភាពផ្សេងៗ ដោយអះអាងថាការផ្ទេរប្រាក់វិនិយោគទៅក្រុមខ្លួន បានផលចំណេញខ្ពស់ក្នុងរយៈពេលខ្លី។ ការទាក់ទាញឱ្យជនរងគ្រោះធ្លាក់ក្នុងអន្ទាក់នៃការឆបោកនេះ បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មជារៀងរាល់ថ្ងៃ ក្នុងបណ្តាញ Telegram ដូចរូបភាពជូនភ្ជាប់ក្នុងឧបសម្ព័ន្ធ៕


ប្រភព៖ ក្រសួងព័ត៌មាន