ក្រសួងឧស្សាហកម្ម និងក្រសួង METI ជប៉ុន សហការគ្រប់គ្រងការបំពុល និងគាំទ្រឧស្សាហកម្មកម្ពុជា ក្នុងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបលោក Hamasaka Takashi ប្រធានការិយាល័យ ជំរុញការគ្រប់គ្រងបរិស្ថាននៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុន (METI) ដើម្បីពិភាក្សា វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងការបំពុល។

លោក Hamasaka Takashi បានកោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការបច្ចេកទេស និង កម្មវិធីផ្លាស់ប្តូរពង្រឹងសមត្ថភាពមន្រ្តីនាពេលថ្មីៗនេះ ដែលរួមមានទាំងការបញ្ជូនមន្ត្រីកម្ពុជាទៅទទួលការបណ្តុះបណ្តាលនៅប្រទេសជប៉ុនផងដែរ។
លោក Hamasaka Takashi បានលើកឡើងថា៖ “ប្រព័ន្ធគ្រប់គ្រងការបំពុលមានសារសំខាន់ណាស់ សម្រាប់គ្រប់គ្រងការបំពុល រួមទាំងការបំពុលទឹក ហើយគួរត្រូវបានអនុវត្តឱ្យបានទូលំទូលាយនៅក្នុងគ្រប់វិស័យ។”
លោកបានបន្ថែមថា ប្រកាសដែលក្រសួងឧស្សាហកម្មដាក់ឱ្យអនុវត្តកាលពីខែមករា គឺជាសមិទ្ធផលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការនេះ ហើយលោកបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការបន្តផ្តល់ការគាំទ្រដល់កម្ពុជា។
ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអំណរគុណដល់ភាគីជប៉ុន ដែលបន្តគាំទ្រផ្នែកបច្ចេកទេសដល់កម្ពុជា និងសង្កត់ធ្ងន់ថា ប្រកាសស្តីពីការគ្រប់គ្រងការបំពុល និងប្រកាសស្តីពីគោលការណ៍ណែនាំប្លង់រោងចក្រត្រូវបានដាក់ឱ្យអនុវត្តរួចហើយ ហើយការងារបន្ទាប់គឺត្រូវអនុវត្តប្រកាសទាំងនេះឱ្យមានប្រសិទ្ធភាព។
ឯកឧត្តមបានលើកឡើងថា៖ “ការកសាងសមត្ថភាព និងការងារអនុវត្តច្បាប់ និងបទប្បញ្ញត្តិ គឺជាកិច្ចខិតខំប្រឹងប្រែងរយៈពេលវែង ហើយការប្តេជ្ញាបន្តគាំទ្ររបស់ភាគីជប៉ុន ពិតជាសំខាន់ណាស់ ដើម្បីធានាថាបទប្បញ្ញត្តិទាំងនេះ អាចសម្រេចជាផលប្រយោជន៍ជាក់ស្តែងនៅនឹងមូលដ្ឋាន។”
ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើភាគីជប៉ុនឱ្យពង្រីកការគាំទ្របន្ថែមទៀត និងថា វិធានការគ្រប់គ្រងការបំពុលគួរត្រូវបានអនុវត្ត មិនត្រឹមតែសម្រាប់រោងចក្រធុនធំប៉ុណ្ណោះទេ ប៉ុន្តែសហគ្រាសធុនតូចនិងមធ្យមផងដែរ ក្នុងកម្រិតអនុលោមភាពដោយឡែក ស្របតាមទំហំ និងសមត្ថភាពរបស់សហគ្រាស។
ឯកឧត្តមបានបន្ថែមថា៖ “អនុលោមភាពតាមគោលការណ៍បរិស្ថាន-សង្គម-អភិបាលកិច្ច ត្រូវចាប់ផ្តើមពីពេលនេះ ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅចុងឆ្នាំ២០២៩។ យើងត្រូវគាំទ្រឧស្សាហកម្មរបស់យើង រួមទាំងសហគ្រាស-សិប្បកម្មខ្នាតតូច ដើម្បី ពួកគេអាចបំពេញតាមស្តង់ដាសមស្របលើការគ្រប់គ្រងការបំពុល បង្កើនភាពប្រកួតប្រជែង និងភាពធន់នៅក្នុងទីផ្សារសាកល។”







ប្រភព៖ ក្រសួងព័ត៌មាន