ខ្មែរណូត

ស្វែងរក

  • PR

    Smart Axiata និង Huawei Cambodia ចុះ MoU ដើម្បីពង្រឹងការផ្ដល់សេវាកម្មអុីនធឺណិតឥតខ្សែ 5G FWA

    BY Liny01 March 19, 2026
    Smart Axiata និង Huawei Cambodia ចុះ MoU ដើម្បីពង្រឹងការផ្ដល់សេវាកម្មអុីនធឺណិតឥតខ្សែ 5G FWA

    បាសេឡូណា៖ កាលពីថ្ងៃទី03 ខែមីនា ឆ្នាំ2026 ក្រុមហ៊ុនទូរគមនាគមន៍ Smart Axiata និងក្រុមហ៊ុន Huawei Cambodia បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឧបករណ៍ 5G ដោយផ្តោតជាសំខាន់លើការពង្រីកដំណោះស្រាយសេវាអ៊ីនធឺណិតឥតខ្សែ (Fixed Wireless Access ឬ FWA) នៅក្នុងប្រទេសកម្ពុជា។

    កិច្ចសហការនេះមានគោលបំណងពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុនទាំងពីរ ដោយរួមបញ្ចូលគ្នានូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដ៏ទំនើបរបស់ Smart ជាមួយនឹងការច្នៃប្រឌិតឧបករណ៍ និងជំនាញបច្ចេកវិទ្យារបស់ Huawei។ តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុនទាំងពីរនឹងរួមគ្នាពន្លឿនការចាប់យកនូវដំណោះស្រាយ 5G FWA លើកកម្ពស់បទពិសោធន៍អតិថិជន និងគាំទ្រដល់ការរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា តាមរយៈយុទ្ធសាស្ត្រអាជីវកម្មឈ្នះៗ ដែលផ្តល់គុណប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

    អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) ឆ្នាំ2026 ដោយ លោកស្រី ប៊ុន្នី សេរីវឌ្ឍនា ប្រធានផ្នែកសេវាកម្មអ៊ីនធឺណិត របស់ក្រុមហ៊ុន Smart Axiata និងលោក Huang He ដែលជា Account Director របស់ Huawei ប្រចាំ Smart Axiata។ ពិធីចុះហត្ថលេខានេះត្រូវបានរៀបចំឡើង ដោយមាន លោក Ritesh KUMAR SINGH នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក Lyu Luping ប្រធានផ្នែកអាជីវកម្មឧបករណ៍តំបន់អាស៊ីប៉ាស៊ីហ្វិក និងលោក Li Bo ប្រធានផ្នែកផលិតផល MBB ជាសាក្សី។

    ក្នុងអំឡុងពេលពិធីចុះហត្ថលេខានេះ លោក Ritesh Kumar Singh បានមានប្រសាសន៍ថា៖ “FWA គឺជាផ្នែកមួយយ៉ាងសំខាន់នៃយុទ្ធសាស្ត្រ 5G របស់ Smart ហើយវាមានសក្តានុពលក្នុងការពង្រីកទីផ្សារអុីនធឺណិតតាមផ្ទះនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការដំឡើងយ៉ាងឆាប់រហ័ស ភាពបត់បែន ការតភ្ជាប់ល្បឿនលឿន និងការផ្ដល់នូវសុវត្ថិភាពបន្ថែមរបស់ Smart សេវាកម្ម FWA នេះនឹងផ្ដល់ជូនសេវាអ៊ីនធឺណិតដែលមាន Broadband ធំ សម្រាប់គេហដ្ឋាន និងអាជីវកម្មក្នុងប្រទេសកម្ពុជា ។ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រនេះ Smart មានគោលបំណងធ្វើឱ្យការរស់នៅបែបឌីជីថលរបស់គ្រួសារកម្ពុជាកាន់តែមានភាពសម្បូរបែប ហើយសហគ្រាសក៏ទទួលបានការគាំទ្រផ្នែកដំណោះស្រាយឌីជីថលផងដែរ។ យើងកំពុងធ្វើការជាមួយ Huawei ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដែលជួយជំរុញការរីកចម្រើននៃអាជីវកម្ម FWA របស់ Smart”។

    បន្ថែមលើនេះ លោក Huang He លោក Lyu Luping និងលោក Li Bo ក៏បានចែករំលែកផងដែរថា ពួកគាត់មានសេចក្ដីសោមន្សរីករាយក្នុងការសហការជាមួយ Smart Axiata។ ដំណោះស្រាយ 5G FWA របស់ Huawei នឹងផ្ដល់នូវការតភ្ជាប់លឿន និងរស់រវើកសម្រាប់កម្ពុជា ព្រមទាំងលើកកម្ពស់បរិយាប័ន្ន និងគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថលជាតិផងដែរ។ Huawei នឹងសហការជាមួយ Smart Axiata ដើម្បីបង្កើតគុណប្រយោជន៍កាន់តែល្អប្រសើរ សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា។

    ជាផ្នែកមួយនៃកិច្ចសហការនេះ Smart 5G FWA បាននាំយកនូវបទដ្ឋានថ្មីសម្រាប់ការតភ្ជាប់សម្រាប់គេហដ្ឋាន និងអាជីវកម្មខ្នាតតូចក្នុងប្រទេសកម្ពុជា ដោយផ្អែកលើបណ្ដាញ 5G ដែលមានស្នានីយអង់តែនសាវា 5G ជាង 700 នៅក្នុងខេត្តចំនួន 21 និងកំពុងពង្រីកវិសាលភាពបន្ថែមទៀត។ ខណៈដែលដំណោះស្រាយនេះត្រូវបានរចនាឡើងដោយផ្ដោតលើល្បឿន ភាពងាយស្រួល និងទំនុកចិត្ត អតិថិជនអាចដំឡើង Smart 5G FWA ក្នុងរយៈពេលតិចជាង 5 នាទី និងដំណើរការភ្លាមៗតាមរយៈ QR code ដែលអនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់អ៊ីនធឺណិតបានដោយមិនចាំបាច់មានការដំឡើងស្មុគស្មាញ។

    ជាមួយនឹងបច្ចេកវិទ្យា Wi Fi 6 ដំណោះស្រាយនេះជួយកាត់បន្ថយភាពរអាក់រអួលតិចតួច (Lower latency) ដំណើរការលឿនប្រកបដោយស្ថិរភាព និងការតភ្ជាប់ដោយរលូនសម្រាប់ឧបករណ៍ជាច្រើន ចាប់ពីទូរទស្សន៍ឆ្លាតវៃ និងឡេបថប់ រហូតដល់កាមេរ៉ាសុវត្ថិភាព (CCTV) និងប្រព័ន្ធផ្ទះឆ្លាតវៃ (Smart home) ដែលស័ក្តិសមបំផុតសម្រាប់ការបង្រៀនអនឡាញ ការកម្សាន្តតាមផ្ទះ គ្រួសារ និងអាជីវកម្មគ្រប់ធន់ ជាពិសេសសម្រាប់ហាងលក់រាយ សហគ្រាសដែលមានសាខាច្រើន និងសម្រាប់ឧស្សាហកម្មក្នុងវិស័យនានា។

    លើសពីនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាដើម្បីផ្ដល់ជូនដំណោះស្រាយនេះដល់អតិថិជនបានកាន់តែប្រសើរ និងលើកកម្ពស់បទពិសោធន៍នៃការប្រើប្រាស់អុីនធឺណិត FWA នៅក្នុងទីផ្សារកម្ពុជា ព្រមទាំងរួមគ្នាសិក្សា និងអភិវឌ្ឍសេវាកម្មតភ្ជាប់ IoT នាពេលអនាគត។

    អំពី Smart

    ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Axiata Group Berhad (ប្រទេសម៉ាឡេស៊ី) ផ្តល់ជូននូវសេវាទំនាក់ទំនង 5G និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ចម្រុះនៅទូទាំងប្រទេសកម្ពុជា ដោយបម្រើអតិថិជនជិត ៨ លាននាក់។ ក្នុងនាមជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទ និងឌីជីថលដ៏ទូលំទូលាយ ក្រុមហ៊ុន Smart កំពុងផ្លាស់ប្តូរទិដ្ឋភាពឌីជីថលរបស់កម្ពុជា តាមរយៈការជួយបង្កើនផលិតភាព ការលើកកម្ពស់របៀបរស់នៅបែបឌីជីថល និងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដោយបានបញ្ជៀបចីរភាពទៅក្នុងការអនុវត្តការងារ តាមរយៈការពង្រីកបណ្តាញប្រកបដោយការទទួលខុសត្រូវ បរិយាបន្នឌីជីថល និងនវានុវត្តន៍។

    ក្រោមការគាំទ្រពីក្រុមហ៊ុន Axiata Group Berhad ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយដែលទទួលបានវិនិយោគទន់មួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី។ ការជ្រោមជ្រែងនេះ ជួយជម្រុញឲ្យក្រុមហ៊ុន Smart ប្រកាន់ខ្ជាប់នូវស្តង់ដារពិភពលោក អភិបាលកិច្ចល្អ និងការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងឌីជីថលរបស់កម្ពុជា។ 

    អំពី Huawei

    ក្រុមហ៊ុន Huawei ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៧ គឺជាក្រុមហ៊ុនឈានមុខគេនៃហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (ICT) និងឧបករណ៍ឆ្លាតវៃ។ បច្ចុប្បន្នយើងមានបុគ្គលិកច្រើនជាង ២០៨០០០ នាក់ និងប្រតិបត្តិការនៅក្នុងប្រទេសនិងតំបន់ជាង 170 ដែលបម្រើមនុស្សជាងបីពាន់លាននាក់នៅជុំវិញពិភពលោក។
    ក្រុមហ៊ុន Huawei បានធ្វើប្រតិបត្តិការធុរកិច្ចនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល២៧ឆ្នាំមកហើយ ហើយចក្ខុវិស័យនិងបេសកកម្មរបស់យើង គឺផ្តោតសំខាន់ទៅលើប្រព័ន្ធឌីជីថលនិងនាំយកបច្ចេកវិទ្យាថ្មីៗដល់គ្រប់សហគ្រាស ដល់គ្រួសារនីមួយៗ ក៏ដូចជាបុគ្គលគ្រប់ៗគ្នាផងដែរ។ ក្រុមហ៊ុន Huawei ផ្ដោតសំខាន់បម្រើការលើអាជីវកម្មធំៗចំនួនបីរួមមានដូចជា អាជីវកម្មជាមួយនឹងប្រតិបត្តិករ អាជីវកម្មជាមួយសហគ្រាស និងអាជីវកម្មលើឧបករណ៍ប្រើប្រាស់ឆ្លាតវៃ ។ ក្រុមហ៊ុន Huawei បានប្តេជ្ញាចិត្តជានិច្ចក្នុងការនាំយកមកនូវជីវិតឌីជីថលដល់គ្រប់សហគ្រាសផ្សេងៗ ដល់គ្រួសារនីមួយៗនិងប្រជាជនកម្ពុជាគ្រប់រូប។

    សំរាប់ពត៌មានបន្ថែមសូមចូលទៅកាន់វេបសាយ www.huawei.com

    Share This Post: