ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សមត្ថភាពផ្គត់ផ្គង់ប្រេងឥន្ធនៈ និងអគ្គិសនីនៅកម្ពុជា នៅតែអាចរក្សាបាននូវស្ថិរភាព

    BY Nisaiy KN March 22, 2026
    អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សមត្ថភាពផ្គត់ផ្គង់ប្រេងឥន្ធនៈ និងអគ្គិសនីនៅកម្ពុជា នៅតែអាចរក្សាបាននូវស្ថិរភាព

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងការធ្វើ សេចក្ដីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នាព្រឹកថ្ងៃអាទិត្យ ៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលមានកម្ពុជាព័ត៌មាន២ជម្រាបជូនជនរួមជាតិជ្រាប។

    ទី១.វិធានការរបស់រាជរដ្ឋាភិបាលក្នុងការសន្សំសំចៃប្រេងឥន្ធនៈនិងអគ្គិសនី៖ ស្ថានការណ៍នៃសង្គ្រាមដែលកំពុងកើតមាន និងរីករាលដាលនៅតំបន់មជ្ឈិមបូព៌ាបានបង្កឱ្យមានផលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឆៅ និងជាហេតុធ្វើឱ្យថ្លៃប្រេងឥន្ធនៈសកល រួមទាំងព្រះរាជាណាចក្រកម្ពុជា មានការកើនយ៉ាងគំហុក។ ទន្ទឹមនេះ ថ្លៃដើមនៃការផលិតអគ្គិសនី ក៏អាចនឹងមានការកើននាពេលខាងមុខ ដោយសារប្រេងឥន្ធនៈ គឺជាធាតុចូលសំខាន់មួយពាក់ព័ន្ធនឹងការផលិតអគ្គិសនី។

    ទោះជាយ៉ាងនេះក្តី ផ្អែកតាមការពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ក៏ដូចជាបណ្តាក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ សមត្ថភាពផ្គត់ផ្គង់ប្រេងឥន្ធនៈនិងអគ្គិសនីនៅកម្ពុជា នៅចំពោះមុខនេះ ត្រូវបានវាយតម្លៃថា នៅតែអាចរក្សាបាននូវស្ថិរភាពនៃការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី សម្រាប់ប្រតិបត្តិការសេដ្ឋកិច្ច និងការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័ន។

    ឆ្លើយតបទៅនឹងស្ថានភាពចំពោះមុខនៃការកើនតម្លៃប្រេងឥន្ធនៈ និងថ្លៃដើមលើការផលិតអគ្គិសនី រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការសន្សំសំចៃប្រេងឥន្ធនៈ និងអគ្គិសនីរបស់ក្រសួង ស្ថាប័នទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដូចតទៅ៖

    ១. វិធានការសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ – ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវគិតគូរពិនិត្យលទ្ធភាពក្នុងការសន្សំសំចៃចំណាយថវិកា តាមរយៈការដាក់ចេញនូវសារាចរលម្អិតដោយឡែកមួយ ស្តីពីវិធានការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកា ជាអាទិ៍ ចំណាយលើប្រេងឥន្ធនៈ និងបេសកកម្មក្នុងប្រទេសនិងក្រៅប្រទេស លើកលែងតែក្រសួង ស្ថាប័ន ដែលមានប្រតិបត្តិការចាំបាច់ពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងការបន្តនិរន្តរភាពនៃការផ្តល់សេវាសាធារណៈដែល មានលក្ខណៈយុទ្ធសាស្ត្រតែប៉ុណ្ណោះ។

    -ក្រសួងមហាផ្ទៃ ត្រូវណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន ឱ្យបង្កើនការខិតខំសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងណែនាំដល់អង្គភាពក្រោមឱវាទឱ្យមានការសម្រួលចរាចរណ៍ឱ្យបានល្អ នៅក្នុងអំឡុងម៉ោងមមាញឹកបំផុត ជាពិសេសក្នុងឱកាសពិធីបុណ្យជាតិធំៗ ដើម្បីចៀសវាងការកកស្ទះដែលតម្រូវឱ្យចំណាយប្រេងឥន្ធនៈបន្ថែម ក្នុងពេលរង់ចាំនៅលើដងផ្លូវ។

    – ក្នុងកាលៈទេសៈដែលកំពុងប្រឈមនឹងវិបត្តិថាមពល គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវពិនិត្យកាត់បន្ថយជាអតិបរមានូវការធ្វើដំណើរឆ្ងាយក្នុងការរៀបចំសិក្ខាសាលា និងកិច្ចប្រជុំនានា ជាលក្ខណៈ រូបវ័ន្ត ដោយលើកទឹកចិត្តឱ្យធ្វើតាមប្រព័ន្ធអនឡាញជំនួសវិញ លើកលែងតែករណីចាំបាច់ប៉ុណ្ណោះ។

    ២. វិធានការសន្សំសំចៃក្នុងការប្រើប្រាស់អគ្គិសនី -ក្រសួងរ៉ែ និងថាមពល ត្រូវរៀបចំសេចក្តីណែនាំលម្អិតដោយឡែកមួយ ស្តីពីការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីតាមវិធីសន្សំសំចៃថាមពល។ ទន្ទឹមនេះ, ក្រសួងរ៉ែ និងថាមពល ត្រូវសហការជាមួយនឹងក្រសួងព័ត៌មានដើម្បីរៀបចំផ្សព្វផ្សាយដល់អ្នកប្រើប្រាស់អគ្គិសនី នូវវិធីសន្សំសំចៃ ការប្រើប្រាស់ថាមពល តាមវិទ្យុ ទូរទស្សន៍ និងសារព័ត៌មាននានាឱ្យបានទូលំទូលាយ។

    -ក្រសួង ស្ថាប័នទាំងអស់ ត្រូវអនុវត្តការសន្សំសំចៃអគ្គិសនីក្នុងអគាររដ្ឋបាល និងក្នុងដំណើរការការងារប្រចាំថ្ងៃរបស់ខ្លួន ឱ្យមានប្រសិទ្ធភាព ស្របតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែ និងថាមពល។

    -រដ្ឋបាលរាជធានី ខេត្ត ត្រូវសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីពិនិត្យ និងពង្រឹងសក្តិសិទ្ធិភាព ក្នុងការប្រើប្រាស់ប្រព័ន្ធបំភ្លឺនៅតាមទីសាធារណៈនានា។

    -ក្រសួង ស្ថាប័នទាំងអស់ត្រូវបំផុសចលនានិងស្មារតីរួមគ្នា ក្នុងការកាត់បន្ថយការប្រើប្រាស់អគ្គិសនី តាមលទ្ធភាពដែលអាចធ្វើទៅបាន។

    ទទួលបានសារាចរនេះ ក្រសួង ស្ថាប័នទាំងអស់នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ត្រូវបង្កើនកិច្ចសហការចាត់ចែងអនុវត្តតាមស្មារតី និងខ្លឹមសារដូចមានខាងលើ ឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់។ ទី២៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបថា៖ រាជរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពដែលកងកម្លាំងថៃ ធ្វើឱ្យមានការកែប្រែស្ថានភាពនៅលើដីជាក់ស្តែងក្នុងតំបន់ដែលពួកគេដណ្តើមកាន់កាប់ដោយខុសច្បាប់ ហើយធ្វើកំណត់ទូតតវ៉ាជាផ្លូវការនូវរាល់ទីតាំងទាំងអស់ដែលកងកម្លាំងថៃប្រព្រឹត្តខុសពីកិច្ចព្រមព្រៀងក្រោយពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ ជាពិសេស សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរថៃដែលបានវាស់វែងដីធ្លី និងបែងចែកដីចំនួន៣កន្លែងដល់ប្រជាពលរដ្ឋរបស់ខ្លួន នៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧។ រាជរដ្ឋាភិបាលកម្ពុជាសង្កត់ធ្ងន់ថា កម្ពុជាមិនទទួលយកខ្សែព្រំដែន ឬការទាមទារទឹកដីណាមួយតាមការអះអាងជាឯកតោភាគីដោយប្រទេសថៃឡើយ ហើយនៅតែរក្សាសិទ្ធិពេញលេញ និងស្របច្បាប់របស់ខ្លួនក្នុងការកំណត់ព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានពេញលេញនូវសេចក្តីប្រកាសរួមថ្ងៃទី២៧ ធ្នូ ឆ្នាំ ២០២៥ ដោយត្រូវដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការ JBC ឱ្យបានឆាប់បំផុត។

    កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: