លោក ដូណាល់ ត្រាំ ផ្ញើផែនការបញ្ចប់សង្គ្រាមទៅអ៊ីរ៉ង់ ដែលមានសំណើដោះស្រាយជម្លោះចំនួន ១៥ចំណុច
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងសម្រេចបាននូវវឌ្ឍនភាពដ៏ល្អមួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចរចាបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៥ ខែមីនា។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏នឹងទទួលបានសម្បទានដ៏សំខាន់ៗមួយចំនួនពីទីក្រុងតេអេរ៉ង់ផងដែរ។

ប្រភពខាងលើបានបន្តថា នៅក្នុងកិច្ចចរចាបញ្ចប់សង្គ្រាមនេះ លោក ដូណាល់ ត្រាំ បានផ្ញើផែនការសន្តិភាពមួយទៅកាន់ប្រទេសប្រទេសអ៊ីរ៉ង់ ដែលមានសំណើដោះស្រាយជម្លោះចំនួន ១៥ចំណុច។ បើទោះជាដំណោះស្រាយទាំង ១៥ចំណុចនោះមិនត្រូវបានបង្ហាញជាសាធារណៈក៏ពិតមែន តែសម្រាប់ក្រុមអ្នកវិភាគស្ថានការនយោបាយពិភពលោកបានធ្វើការប៉ាន់ស្មានថា ដំណោះស្រាយទាំង ១៥ចំណុច អាចមានដូចខាងក្រោមនេះ៖
១-ការកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
២-ការត្រួតពិនិត្យដោយ IAEA (អង្គការថាមពលនុយក្លេអ៊ែរអន្តរជាតិ)
៣-ការដកឬបន្ថយទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិក
៤-ការបញ្ឈប់ការគាំទ្រក្រុមយោធានៅតំបន់មជ្ឈិមបូព៌ា
៥-ការធានាសុវត្ថិភាពក្នុងតំបន់
៦-ការបញ្ឈប់ការវាយប្រហារដោយប្រើប្រាស់ភាគីទី៣ ណាមួយ
៧-ការដោះលែងអ្នកទោសដែលកំពុងជាប់ឃុំនៅអ៊ីរ៉ង់
៨-ការអនុញ្ញាតពាណិជ្ជកម្ម ឬការនាំចេញប្រេងវិញ
៩-ការស្តារទំនាក់ទំនងការទូត
១០-ការកំណត់ព្រំដែនសកម្មភាពយោធា
១១-ការសហការក្នុងការប្រឆាំងអំពើភេរវកម្ម
១២-ការបង្កើតយន្តការតាមដានកិច្ចព្រមព្រៀង
១៣-ការកំណត់ពេលវេលាអនុវត្ត
១៤-ការធានាពីភាគីទាំងពីរ មិនបំពានកិច្ចព្រមព្រៀង
១៥-ការចូលរួមពីភាគីអន្តរជាតិផ្សេងៗ ដូចជា EU ឬ UN ជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia