អ្នកបើកយន្តហោះ ២នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍យន្តហោះបុកជាមួយរថយន្តពន្លត់អគ្គិភ័យក្នុងព្រលានយន្តហោះនៅអាមេរិក
អាមេរិក៖ អ្នកបើកយន្តហោះចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍យន្តហោះដឹកអ្នកដំណើរបើកទៅបុករថយន្តពន្លត់អគ្គិភ័យនៅក្នុងព្រលានយន្តហោះនៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៥ ខែមីនា។ ព្រលានយន្តហោះដែលជាកន្លែងកើតហេតុនោះគឺព្រលានយន្តហោះអន្តរជាតិ LaGuardia មានទីតាំងស្ថិតនៅក្នុងទីក្រុង New York ខណៈយន្តហោះដែលបានជួបគ្រោះថ្នាក់គឺជាយន្តហោះដឹកអ្នកដំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Canada Express។

អ្នកបើកយន្តហោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២រូបនោះ រួមមានលោក Antoine Forest និងម្នាក់ទៀតគឺលោក Mackenzie Gunther ដែលបានរួមគ្នាក្នុងប្រតិបត្តិការហោះហើរចេញពីទីក្រុង Toronto នៃប្រទេសកាណាដាឆ្ពោះទៅកាន់ទីក្រុង New York សហរដ្ឋអាមេរិក។ ប្រភពខាងលើបានបន្តថា ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យអ្នកដំណើរជាច្រើនបានរងរបួសផងដែរ ខណៈជើងហោះហើររាប់រយជើងត្រូវបានលុបចោលជាបន្ទាន់។ សូមរម្លឹកជូនថា ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងតាំងតែពីថ្ងៃម្សិលមិញម្លេះ និងបានកើតឡើងនៅពេលដែលយន្តហោះបានចុះចតដល់ក្នុងបរិវេណព្រលានយន្តហោះនិងកំពុងធ្វើដំណើរនៅលើផ្លូវ Runway៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time